អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជា ស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅលើបណកដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមាន គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជា បានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។
ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀត ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជា បានលើកសំណើរួចហើយថា បញ្ហាទាំងនេះ គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជា ស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពទាំងឡាយណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរ សម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ ៕
ដោយ ៖ វណ្ណលុក