អ្នកនាំពាក្យក្រសួងការពារជាតិ ឆ្លើយតបទៅកាន់គេហទំព័រផ្លូវយោធាថៃ ចំពោះការឈរជើងនៃទាហាន និងការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឆ្លើយតបបញ្ជាក់ទៅកាន់គេហទំ ព័រផ្លូវការមួយចំនួនរបស់យោធាថៃ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បនាប់ពីគេហទំព័រទាំងនោះ បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ទៅកាន់គេហទំព័រទាំងនោះគឺ គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ដោយសង្កត់ធ្ងន់ថា «ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀត ដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះ គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។ ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងសកម្មភាពទាំងឡាយណា ដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃ នៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ ៕»