អ៊ីស្រាអែលថា ប្រទេសណាក៏ដោយឱ្យតែមានមេដឹកនាំហាម៉ាស់ ខ្លួនមានសិទ្ធវាយប្រហារ
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី១៥ ខែកញ្ញា ថា គេមានសិទ្ធិវាយប្រហារគ្រប់ប្រទេសទាំងអស់ ឲ្យតែខ្លួនគិតថា មានវត្តមានមេដឹកនាំហាម៉ាស់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។
លោក Netanyahu ប្រាប់ថា អាចនឹងវាយប្រហារបន្ថែមទៀត លើមេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារ កាតា កាលពីសប្តាហ៍មុន។ លោកអះអាងថា ប្រទេសទាំងនោះ មិនមានអភ័យឯកសិទ្ធិនោះទេ ហើយ គ្រប់ប្រទេសទាំងអស់ រួមទាំង អ៊ីស្រាអែល មានសិទ្ធិ “ការពារខ្លួន លើសពីព្រំដែនរបស់ខ្លួន”។ លោក Netanyahu ថែមទាំងបានសង្កត់ធ្ងន់ថា ការវាយប្រហារ របស់អ៊ីស្រាអែល លើកាតា មិនពាក់ព័ន្ធនឹងអាមេរិកទេ។
យ៉ាងណា ការសម្រេចចិត្ត របស់អ៊ីស្រាអែល កំណត់គោលដៅ ទៅលើមេដឹកនាំក្រុមហាម៉ាស់ នៅក្នុងប្រទេសកាតា ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់សហរដ្ឋអាមេរិក បានទាក់ទាញការខឹងសម្បារជាអន្តរជាតិ និង ការរិះគន់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ក្រុមហាម៉ាសបាននិយាយថា មនុស្ស៦នាក់ ត្រូវបានសម្លាប់ ប៉ុន្តែ មេដឹកនាំរបស់ខ្លួន បានរួចជីវិត។
ការអត្ថាធិប្បាយ របស់លោក Netanyahu បានកើតឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីសេតវិមាន បាននិយាយថា លោក Trump បានធានាដល់ប្រទេសកាតាថា “រឿងបែបនេះ នឹងមិនកើតឡើងម្តងទៀត នៅលើដីរបស់ពួកគេទេ”។
កិច្ចប្រជុំរបស់មេធំអ៊ីស្រាអែល ជាមួយនឹង លោក Marco Rubio បានធ្វើឡើង ចំថ្ងៃដែលមេដឹកនាំអារ៉ាប់ រៀបចំកិច្ចប្រជុំកំពូលមួយ បង្ហាញការគាំទ្រ សម្រាប់កាតា។ នាយករដ្ឋមន្ត្រីកាតា បានជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ឈប់ការអនុវត្តស្តង់ដារ ២ និង ត្រូវដាក់ទណ្ឌកម្ម លើអ៊ីស្រាអែល៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត