លោក Trump ប្តឹងកាសែត New Yourk Times ទារសំណង ១៥ពាន់លានដុល្លារ

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីទី១៥ ខែកញ្ញា ថា លោកនឹងប្តឹងកាសែតអាមេរិក New York Times ទារសំណង ១៥ពាន់លានដុល្លារ ជុំវិញអ្វីដែលប្រធានាធិបតី ហៅថា «ការបរិហារកេរ្តិ៍ និង ការប្រមាថ» នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។

លោក Trump បានលើកឡើង លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា New York Times ផ្សាយលាបពណ៌ និងបង្ខូចកេរ្តិ៍ លោក យូរពេកហើយ ត្រូវតែបញ្ឈប់។ លោកគូសបញ្ជាក់ថា កាសែតនេះ បានផលិតព័ត៌មាន លម្អៀង ទៅរកលោកស្រី Kamala Harris នៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងឆ្នាំ២០២៤ ដោយនិយាយថា New York Times បានក្លាយជា «អ្នកនិយាយឃោសនា ឲ្យតែគណបក្សប្រជាធិបតេយ្យ ឆ្វេងនិយម» ។ លោក ក៏បានចោទប្រព័ន្ធផ្សព្វផ្សាយ ឬ កម្មវិធីទូរទស្សន៍ផ្សេងទៀត របស់ New York Times ថា តែងតែព្យាយាមធ្វើបាបលើរូបលោក។

លោក Trump បានបន្ថែមថា ពាក្យបណ្តឹងរបស់លោក កំពុងត្រូវបានចាប់ផ្តើម ដំណើរការ នៅក្នុងរដ្ឋ Florida ដែលជាមូលដ្ឋានរឹងមាំ របស់គណបក្សសាធារណរដ្ឋ។

យ៉ាងណាមិញ នេះមិនមែន ជាលើកទីមួយទេ ដែលលោក Trump ប្តឹងទារលុយ ពីកាសែត New York Times ។ នៅឆ្នាំ២០២៣ ចៅក្រមបានច្រានចោលបណ្តឹងរបស់លោក ប្រឆាំងនឹងទីភ្នាក់ងារសារព័ត៌មានមួយនេះ ដែលចង់ទារសំណង ១០០លានដុល្លារ ពាក់ព័ន្ធនឹងបញ្ហាពន្ធ ដោយលើកហេតុផលថា ការអះអាង នៅក្នុងបណ្តឹងនេះ បរាជ័យ ផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញ។

ក្រៅពី New York Times លោក Trump ក៏បានព្យាយាមប្តឹង ទីភ្នាក់ងារព័ត៌មាន CNN នៅឆ្នាំ២០២៣ ទារសំណងចំនួន ៤៧៥លានដុល្លារ ដោយចោទប្រកាន់ថា កាសែតអាមេរិកមួយនេះ ថា បានប្រដូចរូបលោក ទៅនឹង Adolf Hitler ។ តែ ក្រោយមក ចៅក្រមសហព័ន្ធ បានច្រានចោលបណ្តឹង នេះចោល ម្តងទៀត៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner