សម្តេចធិបតី អបអរសាទរខួប ២ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួប ២ឆ្នាំ នៃការចុះរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូប មានកាតព្វកិច្ចដូចៗគ្នា ក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃនូវរមណីយដ្ឋានប្រាសាទកោះកេរ ខណៈប្រាសាទនេះ សម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណជាដើមនោះ ។

តាមរយៈសារអបអរសាទរខួប ២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ កញ្ញា ២០២៣- ១៧ កញ្ញា ២០២៥ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រជាជនគ្រប់រូបមានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង សត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ។

សម្តេចធិបតី បានលើកឡើងទៀតថា ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជានូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍន៍នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្ដុង្គឧត្តមពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ។

តាមរយៈសារអបអរសាទរខួប ២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះដែរ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាពប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ មានជាអាទិ៍ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនាសម័យនោះផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner