មេអ៊ីស្រាអែល ថា កាតាឲ្យលុយហាម៉ាស់ សមនឹងវាយប្រហារ
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក ណេតានយ៉ាហ៊ូ បាននិយាយ កាលពីថ្ងៃទី១៦ ខែកញ្ញា ថា ប្រទេសកាតាផ្តល់លុយឲ្យក្រុមហាម៉ាស ដូច្នេះ ការវាយប្រហារទីក្រុងដូហា គឺជារឿងសមហេតុផល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង ហ្ស៊េរុយសាឡិម ថា «ការវាយប្រហារប្រឆាំងនឹងមន្ត្រីក្រុមហាម៉ាស់ ក្នុងប្រទេសកាតា កាលពីសប្តាហ៍មុនគឺ “សមហេតុផល” ដោយសារតែទំនាក់ទំនង របស់រដ្ឋឈូងសមុទ្រ មួយនេះ ជាមួយក្រុមហាម៉ាស់»។
លោកបានបន្តថា «កាតាមានទំនាក់ទំនង ជាមួយក្រុមហាម៉ាស, ប្រទេសនេះមានកំពង់ផែហាម៉ាស, ប្រទេសនេះផ្តល់មូលនិធិ ដល់ក្រុមហាម៉ាស, ប្រទេសនេះ មានជ្រើសរើស មិនធ្វើបែបនេះ តែ នៅតែធ្វើ ដូច្នេះហើយ សកម្មភាពរបស់យើង គឺសមហេតុផលទាំងស្រុង»។
គួររម្លឹកថា កាលពីថ្ងៃអង្គារ សប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារ លើប្រទេសកាតា សម្លាប់មនុស្ស៦នាក់ ដោយអះអាងថា តាមកំចាត់មេដឹកនាំក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធ ដែលអ៊ីស្រាលប្តេជ្ញាកម្ទេច ក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងដូហា ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក បានធ្វើជាម្ចាស់ផ្ទះ ដាក់មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត នៅក្នុងតំបន់ បានរៀបចំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០១២ មក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
