កូឡុំប៊ីប្តេជ្ញាបង្ក្រាបគ្រឿងញៀន ទោះគ្មានជំនួយពីអាមេរិក

បូហ្គោតា ៖ មេបញ្ជាការយោធាប្រទេសកូឡុំប៊ី បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ទោះបីមាន ឬ គ្មានការគាំទ្រពីអាមេរិក។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ AFP កាលពីថ្ងៃទី១៦ ខែកញ្ញា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសកូឡុំប៊ី បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន នឹងបន្ត “ដោយមាន ឬ គ្មានការគាំទ្រ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បានដកប្រទេសនេះ ចេញពីបញ្ជីសម្ព័ន្ធមិត្ត ប្រឆាំងគ្រឿងញៀន។

ឧត្តមនាវីឯក Francisco Cubides បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump មិនសំដៅលើការកាត់បន្ថយជំនួយ របស់សហរដ្ឋអាមេរិក ភ្លាមៗ សម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេស កូឡុំប៊ី នោះទេ ដោយបន្ថែមថា ប្រទេសទាំងពីរ “បន្តធ្វើការយ៉ាងជិតស្និទ្ធ” ដើម្បីប្រឈមមុខនឹងក្រុមជួញដូរកូកាអ៊ីន។

ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋបាល របស់លោក Trump និយាយថា ប្រទេសកូឡុំប៊ី បានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែ សហរដ្ឋអាមេរិកនឹងនៅតែផ្តល់មូលនិធិ ដល់ប្រទេសនេះ។

ការណ៍នេះ ទំនងជាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងខ្លាំងក្លា រវាងទីក្រុងវ៉ាស៊ីនតោន និងបូហ្គោតា ចំពេលដែលរដ្ឋបាល របស់លោក Trump បាននិយាយថា ការប្រឆាំងការជួញដូរគ្រឿងញៀន គឺជាអាទិភាពកំពូល។

រដ្ឋបាលរបស់លោក Trump បានឆ្លើយតបផ្នែកយោធារបស់ខ្លួន និង បានធ្វើការវាយប្រហារយ៉ាងសាហាវ ចំនួនពីរដង លើអ្នកជួញដូរគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់ នៅក្នុងដែនទឹកអន្តរជាតិ ជុំវិញអាមេរិកខាងត្បូង ក្នុងរយៈពេលជាច្រើន សប្តាហ៍ កន្លងមកនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner