ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សម្តេចមហាបវធិបតីយកចិត្តទុកដាក់ខ្លាំង ចំពោះវីរៈកងទ័ព ១៨រូប ដែលថៃចាប់ឃុំខ្លួន
(កំពត)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា យកចិត្តទុកដាក់ជាខ្លាំងចំពោះវីរកងទ័ពទាំង ១៨រូប ដែលទាហានថៃបានចាប់យកទៅ ក្នុងនោះក្រុមការងារពិសេសរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ ដើម្បីជួយដល់វីរកងទ័ពរបស់យើង ។ សូមប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួបរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានសិទ្ធិមនុស្ស ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស តែងតែធ្វើការផ្សព្វផ្សាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការយល់ដឹងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយផងដែរអំពីយន្តការនិងដំណើរការនៃការសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការការពាររបាយការណ៍ និងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋាន ។
ឯកឧត្តមបន្ថែមថា សិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការរក្សាបាននូវសុខដុមនីយកម្ម ផ្នែកសាសនា និងការគិតគូរដល់ក្រុមជនងាយរងគ្រោះ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែបង្ហាញនូវឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន ៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ព្រមទាំងការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានា។ លើសពីនេះ កម្ពុជាថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ៕






ដោយ / គ្រី សម្បត្តិ