អភិបាលរងខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ នូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មាធិការវិនិយោគខេត្ត (អ.គ.វ.ខ)។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និង លោក លោកស្រីតំណាងក្រុមហ៊ុនរោងចក្រ ហួយចេង អុិនដាសស្រ្ទី ត្រេដ (ខេមបូឌា) ឯ.ក, វ៉ានហុងតៃ ភែកឃីជីង (ខេមបូឌា) ឯ.ក, ចៃយី អេឡិកទ្រីក ឯ.ក។

លោក សរ សុដានី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់​ មកដល់បច្ចុប្បន្ននេះតាមរយ:ការថែទាំម៉ូយបានយ៉ាងល្អរបស់ ឯកឧត្តមអភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់បណ្ដា ក្រុមហ៊ុនរោងចក្រ សហគ្រាសទាំងអស់ ដែលមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានការងារធ្វើមានប្រាក់ចំណូលជាប្រចាំ លើកស្ទួយជីវភាពរស់នៅកាន់តែល្អប្រសើរ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោម រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមាន តំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង ហើយក្រុង ស្រុក ចំនួន ៦ ក្នុងចំណោម ក្រុង ស្រុកទាំង ៨ គឺសុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ លើកលែងតែស្រុករមាសហែក និងស្រុករំដួលប៉ុណ្ណោះដែលពុំទាន់មាន ។ ប៉ុន្តែនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះក៏មានការ វិនិយោគ តាមរយៈកិច្ចសហការគ្នារវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាមផងដែរ លើការដាំដុះដំណាំអំពៅស្ករ ហើយផលដែលទទួលបានជាវត្ថុធាតុដើមនឹងត្រូវនាំចេញទៅ កាន់ប្រទេសវៀតណាម ៕

នុត នាង

ads banner