អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តក្រុមទូកវត្តក្តីដូង មុនចូលរួមប្រកួតនៅខេត្តកណ្ដាល
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាធិការគ្រប់គ្រងទូក បានរៀបចំពិធី ក្រុងពាលីរំកិលទូក ឈ្មោះ “ស្ទឹងសែនធិបតីបារមីក្តីដូង” ចុះពីលើបង្គង នៅវត្តឌួងសូរិយា (វត្តក្តីដូង) ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីត្រៀមយកទៅចូលរួមប្រកួតអបអរសាទរមិត្តភាព នៅខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ។
ក្នុងពិធីមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលខេត្តកំពង់ធំ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ក្រុមគណៈកម្មការទូក ក្រុមកីឡាករ និងប្រជាពលរដ្ឋជាច្រើន។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានលើកទឹកចិត្តក្រុមកីឡាករទូកឱ្យខិតខំហ្វឹកហាត់ ដើម្បីដណ្តើមជ័យលាភី និងលើកកិត្តិយសខេត្តកំពង់ធំដូចគ្រាកន្លងមក។ ពិសេសត្រូវគោរពវិន័យ ដាក់ចិត្តក្លាហាន រក្សាសាមគ្គីភាពផ្ទៃក្នុង និងថែរក្សាសុខភាពឱ្យបានល្អ។
ឯកឧត្តមក៏បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះព្រះចៅអធិការវត្ត ក្រុមកីឡាករ និងគណៈកម្មាធិការទូក ដែលបានខិតខំប្រឹងប្រែងបង្កើតកិត្តិយសជូនខេត្តកំពង់ធំ និង វត្តឌួងសូរិយា តាមរយៈការប្រកួតកន្លងមក ។
គួរបញ្ជាក់ថា ទូក “ស្ទឹងសែនធិបតីបារមីក្តីដូង” ត្រូវបានយកឈើពីព្រៃឡង់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ និងដឹកមកដល់វត្តថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បន្ទាប់មកបានសាងសង់រួចរាល់ជាស្ថាពរ ដោយមានប្រវែង ៣៧.៨ម៉ែត្រ ចំណុះ ៨៣នាក់ (ក្នុងនោះមានត្រៀម ១៧ នាក់) ហើយនឹងត្រូវចូលរួមប្រកួតនៅខេត្តកណ្ដាលក្នុងពេលឆាប់ៗនេះ ៕







ដោយ ៖ ប៊ុន រដ្ឋា