ក្រុងស្ទឹងសែន ទទួលជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដំបូងគេនៅកម្ពុជា
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ នាយករដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសជាផ្លូវការ ក្រុងស្ទឹងសែន ក្លាយជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីបណ្ឌិត Ada Moadsiri តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា។
ឯកឧត្តម នួន ផារ័ត្ន បានបង្ហាញពីសក្តានុពល និងវឌ្ឍនៈភាពរបស់ខេត្តកំពង់ធំ ជាពិសេសវិស័យទេសចរណ៍។ កំពង់ធំជាខេត្តចាស់មួយដែលមានសម្បត្តិបេតិកភណ្ឌ ប្រាសាទបុរាណ និងតំបន់ទេសចរណ៍វប្បធម៌ជាច្រើន ដល់ពេលនេះបានកំណត់គោលដៅទេសចរណ៍សរុប ២១ទីតាំង។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥ ខេត្តបានទទួលភ្ញៀវទេសចរជាង ១២ម៉ឺននាក់ កើនឡើងប្រមាណ ០.៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ។
ឯកឧត្តម បន្ថែមថា វិស័យទេសចរណ៍បានជួយបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះគឺជាលទ្ធផលនៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ដែលផ្តោតលើតុល្យភាពរវាងបរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីធានានិរន្តរភាពរបស់វិស័យនេះ។
ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំ ដែលបានអនុវត្តយុទ្ធនាការ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងជំរុញកិច្ចប្រជែង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដែលបានរួមចំណែកបន្ថែមលើការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបង្កើតបរិស្ថានគ្មានផ្សែងបារី (Smoke-Free) គឺជាបទពិសោធន៍សំខាន់មួយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរ។ រាល់ឆ្នាំ ថ្នាំជក់បានសម្លាប់មនុស្សជាង ៦លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះមានជាង ៦ សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេ។ ជំងឺដែលបណ្តាលមកពីការជក់បារី រួមមាន មហារីកសួត ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង មហារីកមាត់ ក្រិនសរសៃឈាម និងជំងឺផ្សេងៗទៀត ។
បើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៅឆ្នាំ២០៣០ ថ្នាំជក់អាចនឹងសម្លាប់មនុស្សប្រមាណ ៨លាននាក់ក្នុងមួយឆ្នាំ ដែល ៨០% នៃការស្លាប់កើតឡើងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ នៅកម្ពុជាផ្ទាល់ ប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្លាប់ជារៀងរាល់ឆ្នាំ ពីជំងឺដែលទាក់ទងនឹងការជក់បារី។
ប្រទេសកម្ពុជាក៏បានចូលរួមក្នុងអនុសញ្ញា WHO FCTC ស្តីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ និងការប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។
ឯកឧត្តម ហួត ហាក់ បានអបអរសាទរដល់ក្រុងស្ទឹងសែន និងខេត្តកំពង់ធំ ដែលទទួលបានជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ហើយជឿជាក់ថា ជ័យលាភីនេះនឹងជួយលើកកម្ពស់ភាពលេចធ្លោ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ទាំងក្នុងស្រុក និងបរទេស ៕







ដោយ ៖ ប៊ុនរដ្ឋា