វៀតណាមនឹងសង់សាកលវិទ្យាល័យលំដាប់ពិភពលោកយ៉ាងតិច ៣ ត្រឹមឆ្នាំ២០២៧

ហាណូយ ៖ ប្រទេសវៀតណាមបានប្រកាសពីការសាងសង់សកលវិទ្យាល័យ លំដាប់ពិភពលោក ចន្លោះពី ៣ ទៅ ៥ កន្លែង នៅត្រឹមឆ្នាំ២០២៧ ជាអ្វីដែលខ្លួនហៅថា ការចាប់ផ្តើមកំណែទម្រង់អប់រំ ប្រកបដោយមហិច្ឆិតា។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី១៧ ខែកញ្ញា បានឲ្យដឹងថា ការតំឡើងថ្នាក់ឧត្តមសិក្សា ដល់កម្រិតនេះ សំដៅលើការបណ្តុះទេពកោសល្យជាតិ និង លើកកម្ពស់ការប្រកួតប្រជែងជាសកល ផ្អែកលើកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដែលត្រូវបានប្រកាស កាលពីថ្ងៃទី ១៥ ខែកញ្ញា។

តាមផែនការ ក្រសួងអប់រំ និងបណ្តុះបណ្តាល នឹងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធឧត្តមសិក្សាទាំងមូល ឡើងវិញ ដោយផ្ទេរសកលវិទ្យាល័យមួយចំនួន ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ក្នុងតំបន់ និងរៀបចំឡើងវិញ ពីរបៀបដែលស្ថាប័នត្រូវបានផ្តល់មូលនិធិ និងដំណើរការ។ សកលវិទ្យាល័យទាំងនេះនឹងត្រូវបានធ្វើឲ្យក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏រឹងមាំ ជាមួយនឹងទំនាក់ទំនង កាន់តែតឹងរ៉ឹង រវាងការបង្រៀន, ការស្រាវជ្រាវ និងឧស្សាហកម្ម។

ស្តង់ដារវាយតម្លៃ នឹងរួមបញ្ចូល តាមបែបវិទ្យាសាស្ត្រ, គុណវុឌ្ឍិ និងគុណភាព របស់មហាវិទ្យាល័យ ព្រមទាំង អ្នកស្រាវជ្រាវ, សមត្ថភាពផ្តល់មូលនិធិស្រាវជ្រាវ, ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, ឧបករណ៍មន្ទីរពិសោធន៍, កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ផលប៉ះពាល់សង្គម។

សម្រាប់គោលដៅ រយៈពេលវែង នៅឆ្នាំ២០៣០ វៀតណាមគ្រោងនឹងមានសកលវិទ្យាល័យសាធារណៈល្បីឈ្មោះ ចន្លោះពី ១៥ ទៅ ២០ កន្លែង ដែលត្រូវបានគេស្គាល់លើភាពខ្លាំង នៃការស្រាវជ្រាវ និងកម្មវិធីរបស់ពួកគេ ជាពិសេស នៅក្នុងបច្ចេកវិទ្យាអាទិភាព និង វិទ្យាសាស្ត្រ។ ក្នុងចំណោមនេះ យ៉ាងហោចណាស់ ២សកលវិទ្យាល័យ នឹងទទួលបានមូលនិធិពិសេស, យន្តការច្បាប់ និងស្វ័យភាពដើម្បីឡើងបានឡើងឋានៈ ជាសកលវិទ្យាល័យ លំដាប់ពិភពលោក។

យោងតាមលោក Tran Nam Tu អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាន បានឲ្យដឹងថា គំនិតនៃការបង្កើតសាកលវិទ្យាល័យលំដាប់ពិភពលោក ផ្តោតសំខាន់លើការស្រាវជ្រាវ ដ៏រឹងមាំ។

សម្រាប់ឆ្នាំ ២០២៥ ដល់ ២០២៦ វៀតណាមក៏មានគោលបំណងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតខ្ពស់ ដែលផ្តោតលើបញ្ញាសិប្បនិម្មិត ក៏ដូចជា មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវ ការច្នៃប្រឌិត និងសហគ្រិនភាព នៅសាកលវិទ្យាល័យសំខាន់ៗ៕

ប្រភពពី VN express ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner