អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីហេតុការណ៍នៃការប៉ះទង្គិចរវាងកងកម្លាំងរបស់ថៃ និងពលរដ្ឋកម្ពុជា
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបងនិងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយលួសបន្លាសារជាថ្មីម្ដងទៀត នៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីរបស់ប្រជាពលរដ្ឋខ្មែររស់នៅ និងអាស្រ័យផលជាយូរមកហើយ ពោលគឺថៃ កំពុងតែអនុវត្តន៍ច្បាប់របស់ថៃ នៅលើទឹកដីកម្ពុជា ។ នេះបើតាមការបញ្ជាក់ពី
ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី១៧ កញ្ញា ២០២៥ ។
ឯកឧត្តមប៉ែនបានមានប្រសាសន៍ថា នៅពេលកងកម្លាំងថៃបានដើរចូលមក ប្រជាពលរស់នៅទីនោះ បានចេញមករារាំងនិងការពារដីរបស់ខ្លួននិងបាននាំគ្នារើបន្លាលួសទាំងនោះចេញវិញ ប៉ុន្តែសមត្ថកិច្ចថៃ បានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេងដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រដាសត្រចៀកនិងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្ដាលឱ្យប្រជាពលរដ្ឋនិងព្រះសង្ឃរួមទាំងកម្លាំងដែលមិនមានប្រដាប់អាវុធបានរងរបួសធ្ងន់និងស្រាល សរុបចំនួន២៨អង្គ/នាក់ ។
ឯកឧត្តមបានបន្តថា កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ហើយនិងកំពុងតែឈរជើងចាំនៅតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។
ឯកឧត្តមបន្ថែម សមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកដែលមានរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសចំពោះអំពើហិង្សារបស់ភាគីថៃ មកលើប្រជាពលរដ្ឋនិងព្រះសង្ឃព្រមទាំងកម្លាំងសមត្ថកិច្ចគ្មានអាវុធ របស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាននិងអំពើហិង្សាអស់ទាំងនេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំGBC និងRBC គោរពអនុស្សរណៈនៃការយោគយល់គ្នាត្រង់ចំនុច២មាត្រា៤នៃMoUឆ្នាំ ២០០០ និងគោរពគោលការណ៍សិទ្ធិមនុស្សនិងច្បាប់ មនុស្សធម៌អន្តរជាតិ ជាធរមាន ៕