កម្លាំងចម្រុះថៃ ជាង ៣០០នាក់ រំលោភបំពានអធិបតេយ្យភាព និងបង្កឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ២៨នាក់រងរបួសធ្ងន់ស្រាល

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ព្រះសង្ឃ និងកងកម្លាំងកម្ពុជា ២៨នាក់បានរងរបួសធ្ងន់ស្រាលដោយសារការរំលោភបំពានមកលើទឹកដីកម្ពុជា ពីកងកម្លាំងទាហានថៃ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងនៅយប់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០២៥ថា វេលាម៉ោង ១៥,៣០នាទីរសៀលកងកម្លាំងចម្រុះរបស់ភាគីថៃក្នុងនេះមានទាំងកងកម្លាំងតម្រួត ទាហានប៉ារ៉ា ទាហាន ឈុតខ្មៅ នគរបាល និង ប្រជាពលរដ្ឋ ស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានប្រដាប់អាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លុះដល់វេលាម៉ោង ១៦,២០នាទី ថ្ងៃដដែលនេះ កងកម្លាំងចម្រុះភាគីថៃបានប្រើប្រាស់រថយន្ត ឧបករណ៍បំពងសម្លេង និងមានកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះដែរកើតឡើង ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ដើម្បីសង្កេតផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង១១,៥៧នាទី ព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ហើយទើបតែចាកចេញពីទីតាំងនោះ ។

ក្នុងហេតុការណ៍នេះ ផងដែរកងកម្លាំងយោធា និង ក្រុមបង្រ្កាបបាតុកម្មរបស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រដាសត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបង្កអំពើហិង្សា មកលើប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ឧករណ៍បង្រ្កាបបាតុកម្ម និង ជំពាម កៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃ របស់យើង ចំនួន ២៨ អង្គ/នាក់ បានដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា”នៅវេលាម៉ោង ១៩,២០នាទីយប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ដឹកនាំដោយប្រទេសម៉ាឡេស៊ី បានចុះទៅកាន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីពិនិត្យទីកន្លែងនៃការប៉ះទង្គិច ដែលបង្កឡើងដោយភាគីថៃ”។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិបានចាត់ទុកថា ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំGBC និង RBC ទាំងអស់កន្លងមក។ ជាងនេះទៅទៀតការយកច្បាប់អាជ្ញាសឹក និង ច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្ត ក្នុងដែនអធិបតេយ្យភាពកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ មកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសាកលដទៃទៀត ។

ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ផងដែរថា នៅចំពោះមុខទង្វើហិង្សាខុសច្បាប់របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងប្រជាជនដទៃទៀតបានរួមគ្នាតវ៉ាដោយសន្តិវិធី ហើយសកម្មភាពទាំងនេះ ស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់ និងការគំរាមកំហែង នៃការរាយលួសបន្លា និងប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ព្រមទាំងទ្រព្យសម្បត្តិស្របច្បាប់ របស់ពួកគាត់ ។ នៅក្នុងហេតុការណ៍នេះកងម្លាំងកម្ពុជា ដែលមិនមានប្រដាប់អាវុធក៏មានវត្តមាននៅទីកន្លែងនោះផងដែរដើម្បីការពារសុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និង អនុវត្តនូវបទយប់បាញ់ និង រួមទាំងការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។

ក្នុងនេះកម្ពុជាសូមឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួនូវស្មារតីបទឈប់បាញ់ ក៏ដូចជាការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBCនិងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ RBC ដែលបានប្រព្រឹត្តិទៅដោយជោគជ័យជាបន្តបន្ទាប់ ចាប់តាំងតែពីបទឈប់បាញ់ ចូលជាធរមាន នៅវេលាម៉ោង ២៤,០០នាទី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥កន្លងមក ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner