ទ័ពប៉ូឡូញ ៧ពាន់នាក់ចេញហាត់សម កុំឲ្យរុស្ស៊ីមើលស្រាល
វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានដាក់ពង្រាយ កងទ័ពចំនួន ៧ពាន់នាក់ ធ្វើសមយុទ្ធយោធាភ្លាមៗ កុំឲ្យរុស្ស៊ីមើលស្រាល ដែលហាក់ចង់ឈ្លានពាន លើប្រទេសជាសមាជិក ណាតូ មួយនេះ។
រដ្ឋមន្ត្រីការពារជាតិ លោក Wladyslaw Kosiniak-Kamysz បាននិយាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ទាហានប៉ូឡូញទាំងនេះបានចូលរួម ក្នុងសមយុទ្ធយោធា នៅភាគខាងកើត នៃប្រទេសនេះ។ លោក បានបញ្ជាក់ថា «គោលបំណង គឺដើម្បីបង្ហាញពីសមត្ថភាពរបស់កងទ័ព និង ដើម្បី រារាំងនរណាម្នាក់ ដែលអាចនឹងគិតចង់វាយប្រហារប៉ូឡូញ» ដែលគេជឿថា ហាក់ចង់សំដៅលើរុស្ស៊ី។
សមយុទ្ធនេះបានធ្វើឡើង ចំពេលដែលរុស្ស៊ីធ្វើសមយុទ្ធ ជាមួយបេឡារុស ហើយគេជឿថា មានកងទ័ពប្រទេសមួយចំនួនទៀត រួមមានទាំង អ៊ីរ៉ង់ និងឥណ្ឌា ត្រូវបានបញ្ជូនឲ្យទៅចូលរួម ក្នុងសមយុទ្ធយោធានេះ ផងដែរ។
សកម្មភាពហ្វិកហាត់យោធាទាំងនេះ បានកើតឡើង ក្រោយពេលេមានការចោទប្រកាន់ ពីសំណាកប៉ូឡូញថា រុស្ស៊ីបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាសប៉ូឡូញ នាំឲ្យស្ថានការណ៍កាន់តែព្រួយបារម្ភថា រុស្ស៊ីអាចឈ្លានពាន ដូចធ្វើដាក់អ៊ុយក្រែន ក្បែរខាង។ យ៉ាងណាមិញ រុស្ស៊ីធ្លាប់បដិសេធថា គ្មានបំណងឈ្លានពានប៉ូឡូញ នោះទេ ខណៈដែលមេដឹកនាំអាមេរិក ធ្លាប់លើកឡើងថា អាចជាការចៃដន្យ ជុំវិញរឿងដ្រូននេះ។
ងាកមកសមយុទ្ធ Zapad ឬ មានន័យថា «ខាងលិច» ជាមួយប្រទេសបេឡារុស ប្រទេសរុស្ស៊ី បានអះអាងថា ខ្លួនបានអនុវត្តការបាញ់បង្ហោះកាំជ្រួចកងទ័ពជើងទឹកល្បឿនលឿន Zirkon ចុងក្រោយបំផុតរបស់ខ្លួន ចេញពីនាវាចម្បាំង នៅសមុទ្រ Barents កាលពីថ្ងៃអាទិត្យ។ យោងតាមកងទ័ពបេឡារុស បានឱ្យដឹងថា ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ក៏មាន អំឡុងពេលសមយុទ្ធ Zapad នេះ ដែរ ។ លោក ពូទីន អះអាងថា ទាហាន ១០ម៉ឺននាក់ បានចូលរួម ក្នុងសមយុទ្ធរួមគ្នានេះ។
គួររម្លឹកថា កងទ័ពប្រហែល ២០ម៉ឺននាក់បានចូលរួម ក្នុងសមយុទ្ធ Zapad ឆ្នាំ២០២១ ដែលបានធ្វើឡើង នៅប៉ុន្មានខែ មុនពេលដែលទីក្រុងម៉ូស្គូ បានបញ្ជូនកងកម្លាំងចូល ទៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




