កម្ពុជាស្នើប្រព័ន្ធផ្សព្វផ្សាយអាស៊ីរួមគ្នាប្រឆាំងព័ត៌មានមិនពិត
គុនមីង ៖ លោក កែវ ច័ន្ទតារា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាតំណាងទីភ្នាក់សារព័ត៌មាន AKP បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយទូទាំងអាស៊ី បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងព័ត៌មានមិនពិត ក្នុងអំឡុងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបី (10+3) លើកទី១១ ដែលរៀបចំឡើងនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី១៧ ខែកញ្ញា ២០២៥។
នៅក្នុងវេទិកានោះ លោក កែវ ច័ន្ទតារា បានបង្ហាញនូវចក្ខុវិស័យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដែលចាក់ឫសក្នុងវិស័យសារព័ត៌មានប្រកបដោយក្រមសីលធម៌ នវានុវត្តន៍ និងការចែករំលែក ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងការកើនឡើងឥទ្ធិពលនៃបញ្ញាសិប្បនិម្មិតAI ។
លោក ច័ន្ទតារា បានលើកឡើងដូច្នេះថា «នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរជាសកល ប្រព័ន្ធផ្សព្វផ្សាយមានទំនួលខុសត្រូវពិសេសមួយ ក្នុងការរៀបចំការតាក់តែងព័ត៌មាន។ យើងជាអ្នកនិពន្ធព័ត៌មានប្រឆាំងនឹងព័ត៌មានមិនពិត និងអ្នកស្វែងរកការពិតដែលជំរុញឱ្យមានទំនុកចិត្ត។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការរាយការណ៍ដោយស្មោះត្រង់ មានតុល្យភាព និងទាន់ពេលវេលា គឺមានសារសំខាន់ជាងពេលណាទាំងអស់»។
បើតាមលោក ច័ន្ទតារា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានកែទម្រង់យ៉ាងស៊ីជម្រៅដល់ប្រទេសកម្ពុជា ក្នុងការជំរុញការតភ្ជាប់ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ ដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា ក្នុងនាមជាដៃគូប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ដោយផ្សព្វផ្សាយពីភាពរីកចម្រើន ជាមួយនឹងទិដ្ឋភាពជាក់ស្ដែង។
ទន្ទឹមគ្នា ទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ និង អាស៊ានបូកបី ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត និងការពង្រឹងវិជ្ជាជីវៈ។
សូមជម្រាបផងដែរថា សារព័ត៌មានចិន Peple’s Daliy បានរៀបចំវេទិកាសហប្រតិបត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០២៥ និងវេទិកាសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ានបូកបី (10+3) លើកទី១១ ចាប់ពីថ្ងៃនៅថ្ងៃទី១៦-១៩ ខែកញ្ញា ក្នុងទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។ ក្រោយបញ្ចប់វេទិកាដ៏សំខាន់នេះ អ្នកចូលរួមត្រូវបានអញ្ជើញឱ្យទៅទស្សនកិច្ចទាក់ទងនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយរយៈពេលមួយសប្តាហ៍នៃខេត្ត Yunnan និងខេត្ត Guizhou។ ដំណើរទស្សនកិច្ចនេះ នឹងផ្តល់បទពិសោធន៍ដោយផ្ទាល់ដល់អ្នកចូលរួម ពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់តំបន់នានា និងការអភិវឌ្ឍន៍សេដ្ឋកិរបស់តំបន់ទាំងនោះ៕
អត្ថបទ ៖ ឈឹម ទីណា
រូបភាព និង ប្រភពនៅប្រទេសចិន











