ក្រសួងការបរទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពបង្កហេតុយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២៥ថា ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។
សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្នង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោល- ការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។
ក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ថា ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ នៅតាម បណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងយន្តការចរចានានា ។
ជាមួយគ្នានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួន គោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
កម្ពុជា សូមអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សំដៅទប់ស្កាត់ការកើនឡើងនៃភាពតានតឹង បន្ថែមទៀត។
ក្នុងសេចក្តីថ្លែងការរបស់ខ្លួន ក្រសួងការបរទេសបានលើកឡើងដែរថា កម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់ អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន ។
កម្ពុជា បញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា កិច្ចសន្ទនា និងការចរចា គឺជាមាគ៌ាឆ្ពោះទៅមុខ ដែលអាចធ្វើបានតែមួយគត់ តាមរយៈការប្រើប្រាស់យន្តការ ទ្វេភាគីឱ្យបានពេញលេញ ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ (RBC) និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ប្រកបដោយការស្ថាបនា។
កម្ពុជា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃវិធានការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ និងការការពារជនស៊ីវិលនៅតាម បណ្តោយព្រំដែន ខណៈបដិសេធនូវរាល់សកម្មភាពទាំងឡាយណា ដែលអាចបង្កើនភាពតានតឹង។ តាមរយៈការផ្តល់អាទិភាពដល់មធ្យោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាប៉ង ប្រាថ្នាឱ្យជម្លោះត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នាទៅវិញទៅមក ដោយលើកកម្ពស់ ស្ថិរភាព និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ ៖ ម៉ាដេប៉ូ









