សហជីពធំៗនៅកម្ពុជាអំពាវនាវដល់សង្គមស៊ីវិលមួយចំនួនកុំយកបញ្ហាប្រាក់ឈ្នួលកម្មករជាអាវុធនយោបាយរបស់ខ្លួន

(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជាបានអំពាវនាវដល់ក្រុមសង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួលរបស់កម្មករទៅធ្វើជាអាវុធនយោបាយរបស់ខ្លួន ពោលគឺកុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ ខណៈការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច សង្គមជាក់ស្ដែង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតែងតែរកវិធីរិះគន់ ឬហៅថា «កុំដុតឱ្យខ្លោច រោចឱ្យឆៅ» ជុំវិញការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦នេះ ប៉ុន្ដែពួកគាត់មិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហាសេដ្ឋកិច្ចមួយចំនួនដែលបង្កការលំបាកដល់ការដំឡើងប្រាក់ឈ្នួលកម្មករនោះទេ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាអ្នកយកចិត្តទុកដាក់ទៅលើកម្មករ សូមគិតគូរ និងពិចារណាឱ្យបានល្អិតល្អន់ជុំវិញការរិះគន់ទៅលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ ព្រោះកន្លងមក ខ្ញុំសង្កេតឃើញមានការរិះគន់ដំឡើងបានតិច ហើយចាយមិនគ្រប់។ ត្រង់ចំណុចនេះ ពួកគាត់តែងតែយកមកធ្វើជាអាវុធសម្រាប់ដាក់បញ្ចូលធ្វើជារបៀបវារៈនយោបាយ ដើម្បីទាញយកប្រយោជន៍ពីកម្មករ»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់ដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែទោះបើទោះការដំឡើងក្នុងកម្រិតណាក៏ដោយក៏មិនអាចផ្គាប់ចិត្តអង្គការសង្គមស៊ីវិលទាំងនោះដែរ ពោលគឺ សង្គមស៊ីវិលមួយក្តាប់តូចនោះ តែងលើកឡើងពាក្យដដែលៗជាង៣០ឆ្នាំមកហើយថា ប្រាក់ខែកម្មករឆាយមិនគ្រប់។

លោកបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួល គឺយើងមានជារៀងរាល់ឆ្នាំ បើទោះបីជាមិនបានច្រើនក៏ដោយ ប៉ុន្ដែអ្វីដែលយើងត្រូវតែគិតគូរឱ្យបានវែងឆ្ងាយជាងនេះ គឺរក្សាវិនិយោគិន និងទាញអ្នកជំនួញបរទេសមកបន្ថែមទៀត។ ខ្ញុំគិតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានគិតគូចំណុចនេះយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវការងារជូនកម្មករផង និងរក្សាកំណើនវិនិយោគិនផង»។

ចំណែកលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រូវបានវិភាគ និងគណនាលើទិដ្ឋភាពរួមទាំង ៧ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួល។ ជាក់ស្តែងការដំឡើង បានឈរនៅលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ពោលគឺកម្មករនៅតែមានស្ថេរភាពការងារ និងមានជីវភាពកាន់តែប្រសើរ ហើយថៅកែនៅតែអាចបន្តការវិនិយោគបាននៅកម្ពុជា។

លោកថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំសហជីពមួយរូបសូមអំពាវនាវដល់បងប្អូនកម្មករយើងបន្តការងារទៅតាមសមត្ថភាពរៀងៗខ្លួន ហើយសូមកុំជឿតាមការញុះញង់របស់បុគ្គលមួយក្ដាប់តូចនោះ ព្រោះពួកគេតែងតែព្យាយាមរកលេសដាក់បន្ទុកមកលើរាជរដ្ឋាភិបាល»។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំត្រីភាគីលើកទី៣ ស្តីពីការចរចាប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ គឺទាំងភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេខណាមួយទេ ដោយយោងតាមស្ថានភាពបច្ចុប្បន្ន និងរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៦ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner