គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃ មកលើពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួសប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងចម្ពាមកៅស៊ូ មកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ កញ្ញា ២០២៥ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ ។
តាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៨ កញ្ញា ២០២៥បានឱ្យដឹងថាសកម្មភាពបង្កហេតុនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ ២០០០ កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ គោលការណ៍ព្រមព្រៀងទាំង១៣ចំនុចនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ជាដើម ។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី ។
កម្ពុជាបានប្ដេជ្ញាចិត្តនិងបានអនុវត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី និងតាមផ្លូវការទូត ។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថា កិច្ចសន្ទនាការគោរពច្បាប់គ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត សម្រាប់រក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដោយទទូចដល់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិនិងតំបន់ ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យមានការដោះស្រាយ ដោយសន្តិវិធី តាមយន្តការការទូត និងលិខិតបទដ្ឋានតំបន់ និងអន្តរជាតិពាក់ព័ន្ធ ផ្អែកលើស្មារតីនៃធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ទន្ទឹមនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមស្នើដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍និងជំរុញភាគីថៃ ឱ្យគោរពតាមច្បាប់អន្តរជាតិជាធរមាន ព្រមទាំងគាំទ្រឱ្យមានការដោះលែងជាបន្ទាន់និងគ្មាលក្ខខណ្ឌចំពោះកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលត្រូវយោធាថៃឃុំខ្លួន ៕

