ប្រមុខរដ្ឋស្ដីទីកម្ពុជា ស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែម តាមដានពីស្ថានការណ៍ រវាងព្រំដែនកម្ពុជា និងថៃ
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែម តាមដានពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឲ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នឹងញាំងឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត ។
ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីបារាំង បានបង្ហាញក្ដីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពរីកចម្រើនជាបន្តបន្ទាប់ ។ ក្នុងបេសកកម្មសំខាន់របស់ឯកឧត្តមពេលនេះ ក្រៅតែពីការពង្រឹងទំនាក់ទំនងហើយ ចំណុចសំខាន់នោះ គឺការត្រៀមខ្លួនរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ឯកឧត្តម ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់ប្រធានាធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ និងនាំឱ្យទំនាក់ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន ។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់កម្ពុជា ។ សម្ដេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា និងបារាំង ដោយសម្ដេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងការវិវត្តជាបន្តបន្ទាប់ ។
សម្ដេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា ចំពោះការជួយជ្រោមជ្រែងរបស់បារាំង នាពេលកន្លងមក ក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការជួយដល់វិស័យកៅស៊ូដំបូងគេ ការជួយដល់វិស័យទឹកស្អាតជាដើម ព្រមទាំងការបណ្ដុះបណ្ដាលនៅធនធានមនុស្សកម្ពុជា ផងដែរ ។
សម្ដេចតេជោ ក៏បានរំលេចឲ្យភាគីទាំងពីរ បារាំង និងកម្ពុជា ត្រូវធ្វើការងារបន្ថែមទៀតក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយគ្នា ឲ្យកាន់តែរីកចម្រើនជាងពេលបច្ចុប្បន្ន ដោយសម្ដេចចង់ឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ។
ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្ដេចតេជោ បានជម្រាបទៅឯកឧត្តមឯកអគ្គរដ្ឋទូត ដោយស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឲ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ ដោយសម្ដេចតេជោ បានបញ្ជាក់ថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញចង់បាននោះ គឺមិនចង់ឲ្យបារាំងទៅថ្កល់ទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែជំរុញឲ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ ។
ឯកឧត្តមឯកអគ្គររដ្ឋទូតថ្មីបារាំង បញ្ជាក់ថា បារាំង បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះ ដោយបារាំង និងបន្តតាមដាន ។ ហើយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា បារាំង កាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត ៕






អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពសិដ្ឋ