រដ្ឋមន្រ្តីសុខាភិបាល ៖ សុវត្ថិភាពអ្នកជំងឺ ត្រូវធានាថាមាតា ទារក និងកុមារ គ្រប់រូបនៅកម្ពុជា ទទួលបានការថែទាំប្រកបដោយគុណភាព
(ភ្នំពេញ)៖ សារៈសំខាន់នៃការពង្រឹងសុវត្ថិភាពកុមារ ទារកទើបនឹងកើត និងមាតា ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល កម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (សុខភាពល្អ និងសុខុមាលភាព ដោយកំណត់គោលបំណង “នៅឆ្នាំ២០៣០ បញ្ចប់ការស្លាប់ ដែលអាចបង្ការបាននៃទារកទើបនឹងកើត និងកុមារអាយុក្រោម ៥ឆ្នាំ”)។ សុវត្ថិភាពគឺជាអ្វីដែលអាច ចៀសវាងបាន ការពារបាន សម្រួលបានពុំឱ្យកើតមានជាញឹកញាប់ និងកាត់បន្ថយដំណើរការមិនចាំបាច់ដែលបង្កឱ្យមានភាពខុសឆ្គង ។
ការបញ្ជាក់បែបបេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ និងបើកទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ទារកទើបនឹងកើត និងកុមារគ្រប់រូប (Safe Care for Every Newborn and Every Child)។ ក្នុពិធីនោះដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។
ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ត្រូវបានបង្កើតឡើងដោយសន្និបាតសុខភាពពិភពលោក (World Health Assembly) ក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងជាសកល និងសកម្មភាពនៃសុវត្ថិភាពអ្នកជំងឺ។ ការប្រារព្ធទិវា នៅថ្ងៃនេះ ក្រោមពាក្យស្លោក «សុវត្ថិភាពអ្នកជំងឺត្រូវមាន ចាប់ផ្តើមតាំងពីថ្ងៃដំបូង!» ដើម្បីពង្រឹងសុវត្ថិភាព ក្នុងពេលសម្រាលកូន ការថែទាំក្រោយសម្រាល ការចាក់ថ្នាំបង្ការ ការធ្វើរោគវិនិច្ឆ័យ ការការពារការចម្លងមេរោគ និងការរកឃើញបញ្ហាគ្លីនិកឱ្យបានទាន់ពេល ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ការលើកកម្ពស់វប្បធម៌សុវត្ថិភាព និងការកែលម្អគុណភាពជាបន្តបន្ទាប់ គឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលសុខភាពប្រកបដោយសមធម៌។ ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល២០២១-២០៣០ គឺជាយុទ្ធសាស្រ្ត ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំប្រកបដោយសុវត្ថិភាព ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនដល់អង្គពិធីទាំងមូល ដើម្បីជាមាគ៌ាសម្រាប់អនុវត្ត ធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពអ្នកជំងឺ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ប្រទេសជប៉ុនក្នុងការគាំទ្រ វិស័យសុខាភិបាលកម្ពុជា ជាពិសេសការជួយទៅលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលរងការប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមកនេះ ។
ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង និងការគាំទ្ររបស់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ រួមគ្នាយកចិត្តទុកដាក់ និងចូលរួមលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា៕








ដោយ ៖ ហេង សម្បត្តិ