គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពអំពើហិង្សារបស់យោធាថៃ មកលើពលរដ្ឋកម្ពុជា និងព្រះសង្ឃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។
សកម្មភាពបង្កហេតុនេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃ ជារដ្ឋភាគី។
កម្ពុជា បានប្តេជ្ញាចិត្តនិងបានអនុវត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី និងតាមផ្លូវការទូត។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថាកិច្ចសន្ទនាការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់រក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដោយទទួចដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនិងតំបន់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យមានការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមយន្តការការទូត និងលិខិតបទដ្ឋានតំបន់និងអន្តរជាតិពាក់ព័ន្ធ ផ្អែកលើស្មារតីនៃធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏សូមស្នើដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន ព្រមទាំងគាំទ្រឱ្យមានការដោះលែង ជាបន្ទាន់ និងគ្មានលក្ខខណ្ឌចំពោះកងទ័ពកម្ពុជាទាំង១៨នាក់ ដែលត្រូវយោធាថៃឃុំខ្លួន៕



ដោយ / គ្រី សម្បត្តិ