ឯកឧត្ដម ឃួង ស្រេង ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃទេ បើខ្វះយើងបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ពីព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហាអ្វីកើតឡើងឡើយ នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ។
ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា អំពើធាក់ផ្ដួលប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បន្តថា រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាបាន ១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសតិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ច ។
ពាក់ព័ន្ធនឹង អំពើឆបោកតាមអនឡាញ ឬហៅថា online scam ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាម បុរីនិងខុនដូ ជាដើម។
បើនិយាយពីonline scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរយើងក៏មានដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប ។
លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីបានប្រើប្រាស់កម្លាំងប៉ូលីស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និង សម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន ១៦ថ្ងៃ ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ