សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា-ថៃ ជាពិសេសគឺការជំរុញឱ្យភាគីទាំងពីរអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ

ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ។ ការស្នើនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញ ចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងវិលមករកប្រក្រតីភាពឡើងវិញ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត៕
ដោយ៖ពលជ័យ

ads banner