ប្រធានសភាកម្ពុជាបានលើកឡើងពីសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា
ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គមហាសន្និបាតថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តថា កាលពីម្សិលមិញ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ សម្តេចពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ។ ដើម្បីទប់ស្កាត់នូវវិនាសកម្មដែលអាចកើតមាន យើងត្រូវតែជៀសវាងឱ្យខាងតែបាននូវរាល់សកម្មភាពណាដែលបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង។ យើងមិនត្រូវប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។ យើងត្រូវចាត់គ្រប់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ យើងត្រូវបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងព្យាយាមសម្រេចឱ្យបាននូវការបង្កើត និងការបញ្ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅទីតាំងកើតហេតុឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ យើងចាំបាច់ត្រូវរួមគ្នាទប់ស្កាត់ និងបញ្ឈប់នូវទង្វើខុសច្បាប់នានាដែលទើបកើតមានឡើងក្រោយពីមានបទឈប់បាញ់ ដូចជា ការរាយបន្លាលួស និងដាក់ពង្រាយសំបកកង់ឡាន ជាពិសេសតំបន់ដែលប្រជាជនបាននិងកំពុងរស់នៅរាប់ទសវត្សរ៍មកហើយ និងនៅតំបន់ដែលមិនទាន់បានបញ្ចប់ការបោះបង្គោលព្រំដែន។ យើងចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា។ ប្រសិនបើយើងជឿជាក់លើច្បាប់អន្តរជាតិ យើងគួរតែគោរពនូវសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅចំណុចរបត់មួយ ដែលពោរពេញដោយការប្រឈម និងហានិភ័យប្រទាក់ក្រឡាខ្ពស់។ ពិភពលោកបច្ចុប្បន្ន នៅឆ្ងាយពីសន្តិភាពនៅឡើយ។ នៅក្នុងតំបន់អាស៊ានរបស់យើង យើងត្រូវតែចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារកុំឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាចំណុចក្តៅមួយទៀតរបស់សកលលោក ដែលអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់។ ក្នុងកាលៈទេសៈដ៏ច្របូកច្របល់ និងគ្រោះថ្នាក់បែបនេះ ការទូតសភាដើម្បីសន្តិភាពដើរតួកាន់តែសំខាន់ឡើង។ ដើម្បីលើកកម្ពស់ស្មារតីអាស៊ាន យើងមិនត្រូវយកបញ្ហាផ្ទៃក្នុងរបស់ខ្លួនទៅទម្លាក់លើប្រទេសជិតខាងឡើយ។ យើងត្រូវតែជៀសវាងការយកសេដ្ឋកិច្ចប្រើប្រាស់ជាអាវុធ។ យើងត្រូវមានទំនួលខុសត្រូវរួមគ្នា ក្នុងការកសាងស្ពាននៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ គឺមិនមែនសង់ជញ្ជាំង ឬដាក់រាយរបងបន្លាលួសដើម្បីបំបែកបំបាក់ប្រជាជាតិនោះទេ។ យើងត្រូវតែកសាងព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព សាមគ្គីភាព និងវិបុលភាពរួម។ យើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលនេះជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង។ ផ្ទុយទៅវិញ យើងមិនត្រូវបង្កើតរបាំង ឬឧសគ្គដល់កិច្ចសហប្រតិបត្តិការនោះទេ។ យើងត្រូវបញ្ឈប់ការបន្ទោសគ្នាទៅវិញទៅមក។ ទៅអនាគត យើងចាំបាច់ត្រូវបង្កើនការសន្ទនាអន្តរសភាស្តីពីសន្តិភាព និងការដោះស្រាយជម្លោះ ដោយអាយប៉ាត្រូវដើរតួនាទីកាន់តែសកម្មខ្លាំងឡើង។ ដើម្បីបន្តរក្សាតួនាទីដ៏សំខាន់ និងជឿទុកចិត្តបានរបស់អាយប៉ា យើងត្រូវរួមគ្នាវិនិយោគបន្ថែមលើការកសាងទំនុកចិត្ត ការទូតបង្ការ និងការដោះស្រាយជម្លោះ។
ជាកិច្ចបញ្ចប់ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជាស្នូលនិងកាតាលីករសម្រាប់ការរស់រានរបស់យើង។ យើងត្រូវតែឈរយ៉ាងម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់ជានិច្ចនូវគុណតម្លៃ និងគោលការណ៍របស់យើង។ យើងមិនត្រូវទទួលយកនូវទស្សនាទាន ដែលថា «អ្នកខ្លាំងតែងតែត្រូវ» និង «អ្នកខ្សោយត្រូវតែរងទុក្ខដោយស្ងាត់ស្ងៀម» នោះទេ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា