រដ្ឋមន្រ្តីសុខាភិបាល ចាត់ទុក អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ជាក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព

(ភ្នំពេញ)៖ អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ជាការបើកទ្វារថ្មីមួយ បន្ថែមទៀតនៃសេចក្តីសង្ឃឹម សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និង សុវត្ថិភាព ។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុក ថ្លែងបែបនេះ នាព្រឹកទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត ។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែមលើសមិទ្ធផលជាច្រើនរបស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុងការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើបៗ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបង្កើនសកម្មភាពផ្នែកពិគ្រោះជំងឺក្រៅជូនអ្នកជំងឺឱ្យបានកាន់តែច្រើន និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែសុក្រិត ។

លើសពីនេះត្រូវលើកកម្ពស់គុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ កសាងទំនុកចិត្តជូនអ្នកជំងឺធ្វើឱ្យអ្នកជំងឺមានការពេញចិត្ត និងវាយតម្លៃល្អកាន់តែច្រើន ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញា ចូលរួមបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងនាមជាកងទ័ពអាវស ទទួលថែទាំ ព្យាបាល និងសង្គ្រោះអាយុជីវិតជូនកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹក ក្នុងបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការបំពេញការងារឱ្យកាន់តែប្រសើរឡើង។

សូមេជម្រាបជូនថា អគារពិគ្រោះជំងឺ ប.ស.ស. នៅមន្ទីរពេទ្យកាល់ម៉ែតនេះ មានកម្ពស់ ០២ជាន់ ជាន់ផ្ទាល់ដី៖ កន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺ ០៨បញ្ជរ បញ្ជរផ្តល់សេវា ០១បញ្ជរ បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ចំនួន ០៩បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់របស់បុគ្គលិក ចំនួន ១បន្ទប់។ ជាន់ទី១៖ បន្ទប់ពិគ្រោះជំងឺចំនួន ០៧ បន្ទប់ បន្ទប់បូមឈាមចំនួន ០២បន្ទប់ និងបន្ទប់អាហារបុគ្គលិក ០១បន្ទប់។ ជាន់ទី២៖ បន្ទប់ពិគ្រោះជំងឺចំនួន ០៩បន្ទប់ បន្ទប់អេកូ ០១បន្ទប់ ដែលបានរៀបចំស្រាប់សម្រាប់ទទួលអ្នកជំងឺក្នុងលក្ខខណ្ឌល្អប្រសើរ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner