អ៊ីរ៉ង់រំពឹង អឺរ៉ុបមិនដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបន្ទន់ឥរិយាបថ

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ រំពឹងថា នឹងមានការឆ្លើយតបជាវិជ្ជមាន ពីមហាអំណាចអឺរ៉ុប ក្រោយពេលខ្លួនមានចេតនា ចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី១៧ ខែកញ្ញា អ៊ីរ៉ង់បានលើកឡើងពីការរំពឹងថា អឺរ៉ុបនឹងដកថយ ជុំវិញការចង់ទណ្ឌកម្ម ខណៈដែលប្រទេសនេះ បង្ហាញចេតនា ពីការចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA។

អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងបានបង្ហាញឱ្យឃើញថា យើងមិនញញើតនឹងការទូត និង ធ្វើគ្រប់ឱកាស ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសអ៊ីរ៉ង់»។ លោកបន្តថា « រំពឹងថា វិធីសាស្រ្តវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែង ដោយស្មោះត្រង់របស់អ៊ីរ៉ង់ នឹងត្រូវបានបំពេញដោយសកម្មភាពស្រដៀងគ្នាទៅវិញទៅមក ពីភាគីអឺរ៉ុប»។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានរៀបចំ និយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធ ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់។

កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានយល់ព្រមលើក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បន្ទាប់ពីខ្លួនបានផ្អាកកិច្ចសហប្រតិបត្តិការនេះ ជាមួយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន កាលពីខែមិថុនា។

មហាអំណាចអឺរ៉ុប ទាំងបីប្រទេសបានធ្វើសកម្មភាពយន្តការ “ខ្ទាស់” នៃកិច្ចព្រមព្រៀងនុយក្លេអែរឆ្នាំ២០១៥ ដ៏កម្រ ដើម្បីដាក់ទណ្ឌកម្មឡើងវិញ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានផ្អាក អស់រយៈពេល ជិតមួយទសវត្សរ៍។

ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពេលនេះ គ្រោងនឹងចូលជាធរមាននៅខែក្រោយ បើ អ៊ីរ៉ង់មិនស្តាប់តាមការអំពាវនាវ របស់រដ្ឋាភិបាលអឺរ៉ុប ក្នុងការស្តារកិច្ចសហប្រតិបត្តិការជាមួយ IAEA និងបន្តកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដែលបានផ្អាក តាំងពីខែមិថុនា។

កិច្ចព្រមព្រៀងឆ្នាំ២០១៥ បានផ្តល់ឱ្យអ៊ីរ៉ង់ ទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរនឹងការទប់ស្កាត់ សកម្មភាពនុយក្លេអ៊ែរ របស់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner