អឺរ៉ុបព្រមានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា ព្រោះការទិញប្រេងរុស្ស៊ី

ព្រុចសែល ៖ អឺរ៉ុបបានព្រមានថា ទំនាក់ទំនងជាមួយឥណ្ឌា មិនអាចរីកចម្រើន ដោយសារតែប្រទេសនេះ បន្តទិញប្រេងរុស្ស៊ី។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស នៃ សហភាពអឺរ៉ុប ហៅកាត់ EU កាលពីថ្ងៃទី១៧ ខែកញ្ញា បានមានប្រសាសន៍ថា
បំណងធ្វើឱ្យទំនាក់ទំនង រវាង EU និង ឥណ្ឌា កាន់តែជិតស្និទ្ធ អាចត្រូវបានរារាំង ដោយការបន្តទិញប្រេងរុស្ស៉ី និងវត្តមានទីក្រុងញូវដេលី ក្នុងសមយុទ្ធយោធា របស់ទីក្រុងមូស្គូ។

ការលើកឡើងនេះ ធ្វើឡើង ខណៈដែលប្លុកសហភាពអឺរ៉ុបទាំង ២៧ប្រទេស កំពុងស្មុគស្មាញ ក្នុងការដោះស្រាយបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ណែនាំឱ្យដាក់ពន្ធខ្ពស់។

លោកស្រី Kaja Kallas អះអាងថា «តាមពិតទៅ ភាពជាដៃគូរបស់យើង គឺមិនត្រឹមតែ ទាក់ទងនឹងពាណិជ្ជកម្ម ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ផងដែរ។ ការចូលរួមសមយុទ្ធយោធា ការទិញប្រេង ជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការរបស់យើង នៅពេលចង់ធ្វើឱ្យទំនាក់ទំនង ជាមួយឥណ្ឌា កាន់តែស៊ីជម្រៅ»។

គួរបញ្ជាក់ថា ឥណ្ឌា បានក្លាយអ្នកទិញប្រេងពីរុស្ស៉ីច្រើនជាងគេ ដែលជួយឱ្យខ្លួនសន្សំសំចៃ បានរាប់ពាន់លានដុល្លារ និង ផ្តល់ឱ្យទីក្រុងមូស្គូនូវចំណែកទីផ្សារដ៏ធំ ក្រោយបាត់បង់អតិថិជនអឺរ៉ុប ដោយសារតែសង្រ្គាម នៅអ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner