វ៉េណេស៊ុយអេឡាធ្វើសមយុទ្ធ ឆ្លើយតបនឹងសកម្មភាពអាមេរិក

ការ៉ាកាស ៖ ប្រទេស វ៉េណេស៊ុយអេឡា បានចាប់ផ្តើមសមយុទ្ធយោធា នៅលើកោះការ៉ាប៊ីន ជាការឆ្លើយតបនឹងការដាក់ពង្រាយកម្លាំងយោធា របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី១៨ ខែកញ្ញា វេណេស៊ុយអេឡាចាប់ផ្តើមសមយុទ្ធយោធា នៅលើកោះ Orchila ភាគខាងត្បូងការ៉ាប៊ីន ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយនាវាអាមេរិក នៅក្នុងតំបន់ ដែលរដ្ឋាភិបាលវេណេស៊ុយអេឡា ចាត់ទុកថា ជា “ការគំរាមកំហែង”។

សមយុទ្ធរបស់វេណេហ្ស៊ុយអេឡាធ្វើឡើងនៅលើតំបន់ ដែលសហរដ្ឋអាមេរិកបានវាយប្រហារទូក ស្លាប់មនុស្ស យ៉ាងចម្រូងចម្រាស់ កាលពីចុងសប្តាហ៍។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Padrino López បានព្រមានថា ប្រទេសវេណេស៊ុយអេឡា កំពុងការពារខ្លួនប្រឆាំងនឹង ការគំរាមកំហែង របស់សហរដ្ឋអាមេរិក។ លោកថា នឹងមានការដាក់ពង្រាយនៅក្នុងតំបន់ការពារ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និង នាវាមុជទឹក។

ទូរទស្សន៍រដ្ឋ បានបង្ហាញរូបភាពនៃនាវា Amphibious, ប្រព័ន្ធកាំភ្លើងធំ ផលិតដោយរុស្ស៊ី និងនាវាចម្បាំងដែលដាក់ពង្រាយនៅ តំបន់ La Orchila ជាកន្លែងដែលមូលដ្ឋានទ័ពជើងទឹក វេណេស៊ុយអេឡា ធ្វើប្រតិបត្តិការ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ អាមេរិកបានបញ្ជូនទាហាន រាប់រយនាក់ និង នាវាចម្បាំង ទៅកាន់តំបន់ជុំវិញ ប្រទេសស្ថិតនៅអាមេរិក ខាងត្បូង មួយនេះ ខណៈដែលលោក Trump ចោទថា មេដឹកនាំប្រទេសវេណេស៊ុយអេឡា នៅពីក្រោយ ក្រុមជួញដូរគ្រឿងញៀន។ មានទូកពីរគ្រឿងហើយ ដែលអាមេរិកបានវាយប្រហារ ស្លាប់មនុស្ស ១៥នាក់ ចោទថា ជាក្រុមជួញដូរគ្រឿងញៀន វេណេស៊ុយអេឡា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner