ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នា ថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
៣-ផ្សេងៗ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នាវេលាម៉ោង៩:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញា ស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ៕
ដោយ ៖ វណ្ណលុក









