អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ គឺជាការការពារអ្នកសារព័ត៌មានឱ្យរួចផុត​នូវបញ្ហាប្រឈមផ្លូវច្បាប់

បាត់ដំបង៖អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ​បានថ្លែងថា ការតម្រង់​ទិស​ដល់អ្នកសារព័ត៌មានឱ្យយល់ដឹងច្បាស់អំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាការផ្តល់ការ​ការពារ និងជួយឱ្យពួក​គេអាច​ចៀសផុតពីការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់។ឯកឧត្តមបន្ថែមថា ទោះយ៉ាងណាក៏ដោយអ្នកសារព័ត៌​មានទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចខ្លួនដោយគោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានពាក់ព័ន្ធ​នឹងវិស័យព័ត៌មាន ហើយមិនត្រូវប្រើសិទ្ធិសេរីភាពហួសពីព្រំដែនច្បាប់កំណត់ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ឬបង្កមហន្តរាយដល់សន្តិសុខជាតិឡើយ។

តាមរយៈបទអន្តរាគមន៍ក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ នៅសាលា​ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសរំលេច​អំពីសារៈសំខាន់​នៃការពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ។ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវបន្តផ្តល់​ការតម្រង់ទិសជាប្រចាំលើការប្រតិបត្តិក្រមសីលធម៌ដល់អ្នកសារព័ត៌មានទាំងប្រពៃណី និងទំនើបដែលកំពុងអនុវត្ត​ការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈត្រូវបន្តយកចិត្តទុកដាក់ចំពោះបញ្ហានានាដែលមួយផ្នែកបានកើតឡើង​បណ្តាលមកពីសកម្មភាពផ្ទុយក្រមសីលធម៌វិជ្ជាជីវៈនិងការប្រព្រឹត្តហួសបន្ទាត់ដែលច្បាប់កំណត់របស់អ្នកសារព័ត៌មាន។

“ការប្រឈមនឹងការប្តឹងផ្តល់ ឬបញ្ហាផ្លូវច្បាប់របស់អ្នកសារព័ត៌មាន គឺដោយសារអ្នកសារព័ត៌មានពុំបានយល់ច្បាស់​អំពីច្បាប់ អំពីព្រំដែននៃសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន”។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែល។

ឯកឧត្តមបានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យគិតគូររៀបចំការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន អំពីច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងបន្តផ្សព្វផ្សាយជា​ប្រចាំអំពីសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេទទួលបានការយល់ដឹង​គ្រប់គ្រាន់ ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ មន្ទីរត្រូវយកចិត្តទុកដាក់ជួយ​ដោះស្រាយបញ្ហាដែលអ្នកសារព័ត៌មានជួបប្រទះ ក្នុងពេលពួកគេអនុវត្តការងារតាមបណ្តារាជធានី-ខេត្ត។

សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានវិញ ទាំងប្រពៃណី និងទំនើប ឯកឧត្តមអនុរដ្ឋលេខាធិការបាន​មានប្រសាសន៍រំលឹកជាថ្មី ថាអ្នកសារព័ត៌មានត្រូវរាយការណ៍ព័ត៌មានរបស់ខ្លួនដោយផ្សារភ្ជាប់សិទ្ធិ កាតព្វកិច្ច ជាមួយការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។ អ្នកសារព័ត៌មាន មានសិទ្ធិចុះយកព័ត៌មាន ស្វែងរក​ប្រភពព័ត៌មាននានា ដោយសេរី ប៉ុន្តែក៏ត្រូវមានកាតព្វកិច្ចគោរពសិទ្ធិបុគ្គល ក្រមសីលធម៌ និងគោលការណ៍ច្បាប់​ជាធរមានផងដែរ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា «ខ្ញុំចង់ឃើញអ្នកសារព័ត៌មានទាំងអស់គោរពតួនាទី និង​កាតព្វកិច្ចរបស់ខ្លួនឱ្យបានប្រត្យក្ស ត្រឹមត្រូវ។ ដូច្នេះសូមអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មាន ទាំងបែបប្រពៃណី និងទំនើប ស្វែងយល់ឱ្យច្បាស់ពីច្បាប់ និងព្រំដែននៃសេរីភាព ហើយអនុវត្តសិទ្ធិចុះយកព័ត៌មាន ផលិត និង រាយការណ៍ព័ត៌មានដោយ អនុលោមតាមក្របខណ្ឌដែលកំណត់ដោយច្បាប់»៕


ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner