លោក គីម ជុងអ៊ុន ចុះពិនិត្យការសាកល្បងដ្រូនប្រើ AI
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើក ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានឲ្យដឹង នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញានេះ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បង នៃយន្តហោះគ្មានមនុស្សបើក វាយប្រហារ និង បានបញ្ជាឱ្យប្រើប្រាស់ កាន់តែច្រើន នូវបញ្ញាសិប្បនិម្មិត (AI) នៅក្នុងបច្ចេកវិទ្យា។
រូបភាពដែលបានចែករំលែក ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់កូរ៉េខាងជើង បានបង្ហាញពីដ្រូន បានហោះឡើង ហើយបន្ទាប់មក បានបំផ្លាញគោលដៅ។
ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា សមយុទ្ធនេះ បានបង្ហាញពី “ប្រសិទ្ធភាពប្រយុទ្ធដ៏អស្ចារ្យនៃយន្តហោះគ្មានមនុស្សបើក វាយប្រហារយុទ្ធសាស្ត្រស៊េរី Kumsong” ។ បើតាមប្រភព លោក Kim បានសម្តែង “ការពេញចិត្តយ៉ាងខ្លាំង” ចំពោះលទ្ធផលនេះ។ លោក Kim បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើក កំពុងលេចចេញជា “ទ្រព្យសម្បត្តិ ក្នុងសកម្មភាពយោធាដ៏សំខាន់ ដោយចាត់ទុក ដ្រូន ជាការងារអាទិភាព និងសំខាន់ ក្នុងការធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងជើង”។
លោក Kim ក៏បានបញ្ជាឱ្យ មានកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស នូវ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានណែនាំថ្មី” ក៏ដូចជា “ការពង្រីក និងពង្រឹង” សមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើក។
អ្នកវិភាគ Hong Min នៅវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិ នៃ ទីក្រុងសេអ៊ូល បាននិយាយថា លោក Kim មើលឃើញថា បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក មានសារៈសំខាន់ ក្នុងការធានា “អំណាចដ៏អស្ចារ្យ” ។
លោកបានបន្ថែមថា «យន្តហោះគ្មានមនុស្សបើក បង្កើនការព្រួយបារម្ភ ព្រោះវា មានប្រសិទ្ធភាពខ្ពស់ ចំណាយតិច ក្នុងការផលិត ហើយជាការអនុវត្តបេសកកម្មដោយស្វយ័ត ភាពប្រសើរឡើង និងភាពស៊ីសង្វាក់គ្នា ភាពស័ក្តិសមសម្រាប់ការផលិតទ្រង់ទ្រាយធំ និងភាពបត់បែន នៃយុទ្ធសាស្ត្រ»៕









ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត