ក្រសួងសាធារណការ និងអាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការដាំដើមជើងគោ អមសងខាងបណ្តោយផ្លូវជាតិ​លេខ៧នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ

កំពង់ចាម៖ដើមផ្កាជើងគោចំនួន ២០០ដើមត្រូវបានដាំជានិមិត្តរូបនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម​ដើម្បីលើកកម្ពស់សោភណភាពអមសងខាងបណ្តោយផ្លូវជាតិលេខ៧ឱ្យមានទេសភាពបៃតងផងនិងការពារ​ជើង​ទេរផង ។

សកម្មភាពនេះត្រូវបានចូលរួមផ្ទាល់ដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន អភិបាល​ក្រុង​/​​ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាមបាននាំយកដើមផ្កាជើងគោ ចំនួន ១៥.០០០​ដើមដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប​នីយកម្មនិងសំណង់ផ្តល់ជូនរដ្ឋបាលបាលខេត្ត ។ឯកឧត្តមបន្តថា រដ្ឋបាល​ខេត្តកំពង់ចាមសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ទាំងអស់ នឹងចូលរួមជាមួយរដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និងថែទាំផ្កាជើងគោ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដើម្បី លើកកម្ពស់​សោភណភាពលម្អតាមដងផ្លូវជាតិ លេខ៧ ឱ្យមានភាពបៃតងស្រស់បំព្រង ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រី​រាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយ​រដ្ឋបាលខេត្ត ដាំ និងជួយថែទាំដើមផ្កានេះនៅតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាស​រៀងៗ​ខ្លួនឱ្យបានគ្រប់ៗគ្នា ដោយសារការដាំនេះគឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី១,៥ម៉ែត្រ ទៅ ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ ១០ម៉ែត្រ ក្នុងមួយដើម ។

បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា ៤​គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពី វង្វង់មូលស្គន់ ស្រុកជើងព្រៃដល់គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម គ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាង មុខនេះ។ ដើម្បីលើកកម្ពស់សោភណភាពតាម​បណ្ដោយទ្រូងផ្លូវជាតិលេខ៧ ដែលទើបនឹងសាងសង់រួច រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងដាំដើមផ្កាជើងគោ ចំនួន ១៥.០០០ដើម ដែលប្រើប្រាស់រយៈពេល ៣ខែ ក្នុងការដាំដើមផ្កាមួយប្រភេទនេះឡើង ៕
ដោយ៖លី ពៅ

ads banner