ប្រធានNOCបានលើកឡើងថា រដ្ឋបាលកីឡា បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡាវិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែង ក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នាល្ងាចថ្ងៃទី១៩ ខែ ខែកញ្ញា ឆ្នាំ២០២៥នេះថា វគ្គរដ្ឋបាលកីឡា គឺជាមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ស្របដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗ ឲ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេលអនាគត។
ឯកឧត្តមទេសរដ្ឋមន្ដ្រីបានគូបញ្ជាក់ទៀតថា ការយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឲ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្តឲ្យខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។ ទៀតសោធ វគ្គសាមគ្គីអូឡាំពិក ស្តីអំពី រដ្ឋបាលកីឡា ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាម រដ្ឋបាលកីឡាអន្តរជាតិ ។
មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ។
ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា អាចឲ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឲ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏គ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ ជាលើកដំបូង ក្នុងឆ្នាំនេះ ដែលជាវគ្គកម្រិតទី២ សម្រាប់មន្ដ្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀតក្នុងការគ្រប់គ្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមគោលការណ៍ការដឹកនាំរបស់ចលនាអូឡាំពិក។ ដូច្នេះឯកឧត្តមបានអំពាវនាវដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គរដ្ឋបាលកីឡាពេលនេះ ក៏ដូចជាថ្នាក់ដឹកនាំកីឡាបន្តចូលរួមរៀនវគ្គគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះឱ្យបានគ្រប់ៗគ្នា។
សូមជម្រាប់ថា វគ្គនេះ មានសិក្ខាកាម ៥៦នាក់ចូលរួម ដែលភាគច្រើនជាមន្ដ្រីសហព័ន្ធជាតិចូលរួម ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក និងបង្រៀនដោយគ្រូឧទ្ទេសជាច្រើន ដែលមានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ ក្នុងនោះក៏មានឯកឧត្តម វ៉ាត់ ចំរើន .ឯកឧត្តម ណយ ផាណា និងឯកឧត្តម ប៊ុយ សុភ័ណ្ឌជាដើម។ ជាលទ្ធផរយៈពេល ៤ថ្ងៃ ឆ្លងកាត់ការសិក្សាសិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ ចំនួន ៤០នាក់ ស្មើនឹង ៧១%, និទ្ទេសល្អចំនួន ៧នាក់ ស្មើនឹង ១៣% និងនិទ្ទេសមធ្យមចំនួន ៩នាក់ ស្មើនឹង ១៦%៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ