សម្តេចតេជោ ហ៊ុន សែន អរគុណព្រុយណេចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ។ ដោយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងរបស់សម្តេចតេជោនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើង និងអរព្រះគុណចំពោះព្រះចៅស៊ុលតង់ព្រុយណេដែលបានផ្ដាំផ្ញើសួរសុខទុក្ខចំពោះសម្ដេច ហើយសម្ដេចក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានលើកឡើងដោយពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេនាពេលបច្ចុប្បន្ននេះ ហើយសម្ដេចក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀតរវាងវិស័យយោធាកម្ពុជា និងព្រុយណេផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា

ads banner