ប្រមុខរដ្ឋស្ដីទី ជំរុញឱ្យប្រទេសកម្ពុជា-ព្រុយណេ ពង្រីកសក្តានុពលក្នុងវិស័យយោធា

(ភ្នំពេញ)៖ នាឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ កម្ពុជា បានជំរុញឱ្យប្រទេសកម្ពុជា-ព្រុយណេ ពង្រីកសក្តានុពលក្នុងវិស័យយោធា ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ មកកាន់ព្រះរាជាណាចក្រកម្ពុជាពេលនេះ ជាផ្នែកដ៏សំខាន់ ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេស នៅក្នុងវិស័យយោធា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បាននាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅសីលតង់ព្រុយណេ ជូនចំពោះ សម្ដេចតេជោផងដែរ  ដែលលោកទាំងពីរ ជាបងប្អូនធម៌នឹងគ្នា ។ ឯកឧត្តម ក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើន ដើម្បីញ៉ាំងឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានអរព្រះគុណ ចំពោះព្រះចៅស៊ុលតង់ព្រុយណេ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ហើយសម្ដេច ក៏បានផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញផងដែរ ក្នុងឋានៈជាបងប្អូនធម៌នឹងគ្នា ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងដោយពេញចិត្ត ចំពោះទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នាពេលបច្ចុប្បន្ននេះ ហើយសម្ដេច ក៏ចង់ឃើញការពង្រីកនូវសក្តានុពលក្នុងវិស័យយោធារវាងប្រទេសទាំងពីរ បង្កើនថែមទៀត រវាងវិស័យយោធាកម្ពុជា និងព្រុយណេ ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និង ថៃផងដែរ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ ហើយសម្ដេចសង្ឃឹមថា ព្រុយណេ នឹងបន្តតាមដានក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យភាគីទាំងពីរ រក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ។ សម្ដេចតេជោ ក៏អរគុណចំពោះតួនាទីរបស់ព្រុយណេ ក្នុងឋានៈជាសមាជិកអាស៊ាន ដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការ ទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង ។

សម្ដេចតេជោ ហ៊ុន សែន រំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ នឹងកាន់តែរីកចម្រើន ហើយក៏បានជូនពរឯកឧត្តមមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ទទួលបានជោគជ័យនៅក្នុងពេលបំពេញបេសកកម្ម និងទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner