កម្ពុជា អរគុណតួនាទីរបស់អង្គការយូណេស្កូ ក្នុងការជួយជ្រោមជ្រែង និង ផ្ដល់ជាយោបល់ ដើម្បីឱ្យកម្ពុជា អាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្ដម Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះបេសកកម្មរបស់ឯកឧត្ដម Sardar Umar Alam ក្នុងពេលដែលមកបំពេញបេសកកម្មជាតំណាងយូនីស្កូប្រចាំនៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេស នៅក្នុងការការពារបេតិកភណ្ឌជាតិ ។

ឯកឧត្ដម Sardar Umar Alam ដែលជាតំណាងយូនីស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវក្តីអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសម និងជម្រាបលា ។

នៅក្នុងឱកាសនេះ ឯកឧត្តមបាននឹករលឹក និងអរគុណជាពិសេស នៅក្នុងពេលដែលកូវីដ១៩ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់អង្គការអន្តរជាតិនានា ហើយក្នុងនោះ អង្គការបុគ្គលិករបស់យូនីស្កូ ក៏ទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ និងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ឯកឧត្តម បានអរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រសកម្មភាពរបស់អង្គការយូនីស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងយូនីស្កូ និងរាជរដ្ឋាភិបាលកម្ពុជា មានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់ ។

សម្ដេចតេជោ ថា កម្ពុជាវិញទេ ដែលត្រូវអរគុណចំពោះក្រុមការងារ ក៏ដូចជាអង្គការយូណេស្កូ ដែលបានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ទាំងក្នុងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំ ដែលអង្គការយូនីស្កូ បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ជាច្រើន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបិយ និងអរូបី ដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ ហើយមិនអាចខ្វះបាននូវតួនាទីរបស់អង្គការយូណេស្កូ ក្នុងការជួយជ្រោមជ្រែង ក៏ដូចជាការការពារ និងជំរុញការផ្ដល់ជាយោបល់ ដើម្បីធ្វើឲ្យកម្ពុជា អាចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្ដម Sardar Umar Alam ជួបប្រទះតែសេចក្តីសុខ និងជោគជ័យនៅក្នុងភារកិច្ចថ្មី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner