អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ព កម្ពុជា-ព្រុយណេ

(ភ្នំពេញ)៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) បានប្តេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ព កម្ពុជា-ព្រុយណេ ។

ឯកឧត្តមអគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនចំពោះសម្តេចបវរធិបតី។

ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងក្តីសោមនស្សរី ករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចបវរធិបតីមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនឹងកាន់តែត្រូវបានជំរុញឱ្យរីកចម្រើនថែមទៀត។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណព្រុយណេ ដែលបន្តគាំទ្រ លើការងារបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា ។

សម្តេចបវរធិបតីសង្ឃឹមថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត, ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដេីម។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្តេចបវរធិបតី បានថ្លែងអំណរគុណព្រុយណេ ដែលបានគាំទ្រ និងបានចូលរួម ក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបាន​ជម្រាប​ជូន​ ឯកឧត្តម​អគ្គមេបញ្ជាការ​អំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍ​នៃស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ​ ព្រមទាំង​បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ អនុ​សញ្ញា​ សទ្ធិសញ្ញា​ ដែល​មាន​ស្រាប់​ និង​ច្បាប់​អន្តរជាតិ ​។

ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីរក្សាបាន នូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាព នៅក្នុងតំបន់ទាំងមូល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner