ទេសរដ្ឋមន្ត្រី លី ធុច ថ្នាក់ដឹកនាំសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងសមាគមថ្មអារកម្ពុជា អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេណទី១២ នៅវត្តលង្កាកុសមារាម

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច ប្រធានអាជ្ញាធរមីនកម្ពុជា និងជាទីប្រឹក្សាសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា, ឯកឧត្តម សរ ចំរុង ទីប្រឹក្សាសមាគម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា ព្រមទាំងក្រុមការងារ នាថ្ងៃទី១៩ កញ្ញា បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលង្កាកុសមារាម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ តាំងពីបុរាណដែលមានរយៈពេល ១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រុមការងារសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្ដាន ។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំរលាយ ។ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ ។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច ប្រធានអាជ្ញាធរមីនកម្ពុជា និងជាទីប្រឹក្សាសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា, ឯកឧត្តម សរ ចំរុង ទីប្រឹក្សាសមាគម និងឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមថ្មអារកម្ពុជា រួមនឹងក្រុមការងារ ក៏បានវេប្រគេនព្រះសង្ឃ នូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើមី្បទុកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តលង្កាកុសមារាមនេះថែមទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner