និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជាទទួលមរណភាព បានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា ចំនួន ៣៦នាក់ និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ទទួលមរណភាពចំនួន ២៣នាក់ សរុប៥៩នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ នាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ទទួលមរណភាពគ្រប់រូប ប្រកបដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កន្លងមក។
លោកជំទាវបន្តថា ទិវានេះ ការជួបជុំនេះពិតណាស់គឺជាការជួបជុំដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានដាស់តឿន ក្រើនរំលឹកដល់សហការីក្រោមឱ្យវាទកុំភ្លេចឱ្យសោះ។ ដើម្បីលើកកម្ពស់មនសិកាទទួលខុសត្រូវក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្របវ័យ ពិសេសចំពោះមនុស្សចាស់។ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកជំទាវបានគូសបញ្ជាក់ថា៖ អំពើល្អ កាយវិការដ៏ល្អប្រពៃ ដែលបានធ្វើចំពោះមនុស្សជំនាន់មុន គឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាម ដែលធ្វើឱ្យយើងមានភាពកក់ក្តៅ ពោរពេញដោយក្តីសង្ឃឹម និងជឿជាក់ថាកូនចៅជំនាន់ក្រោយ និងជួយទំនុកបម្រុងបាន។
ជាមួយគ្នានេះ និវត្តជនគ្រប់រូប ត្រូវបានដឹងគុណ និងឱ្យតម្លៃ ព្រមទាំងមានពាក្យស្លោកមួយចំនួននៅតាមអង្គភាព និងទីសារធារណៈ ដែលមានខ្លឹមសារថា៖ មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ, គោរពដឹងគុណចំពោះមនុស្សវ័យចាស់ គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន, ចូលរួមគាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាសំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិកម្ពុជា, ជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា។ ដោយឡែក ក្រឡេកមើលមនុស្សចាស់កាកបាទក្រហមកម្ពុជា ជាមនុស្សប្រកបដោយ ឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងសកម្ម, សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសុខុមាលភាព, ការយោគយល់គ្នា និងសន្តិភាព។
សូមបញ្ជាក់ថា ពិធីជួបសំណេះសំណាលជាមួយនិវត្តជនកាកបាទក្រហមកម្ពុជា និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ដែលបានទទួលមរណភាព តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងការអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ។ ដើម្បីជាចំណងដៃនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភនូវថវិកាមួយចំនួន សៀវភៅព្រះធម៌ និងជីវិត រួមទាំងអាហារសម្រន់យ៉ាងឈ្ងុយឆ្ងាញ់ជូនដល់និវត្តជន និងគ្រួសារមន្ត្រីកាកបាទក្រហមហមកម្ពុជា ទទួលមរណភាព ផងដែរ៕
ដោយ / គ្រី សម្បត្តិ









