ឧត្ដមសេនីយ៍ត្រី នៃ និយម នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
(ខេត្តកណ្តាល)៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបាន ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ចែកជូនសមាជិក ស អ ក និងក្រុមគ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពខ្សត់ខ្សោយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ វេនទី១២ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ១៥ គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឧត្តមសេនីយ៍ត្រី នៃ និយម បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ អតីតយុទ្ធជនខេត្ត ក្រុង និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ហើយនៅក្នុងឱកាសនេះសម្ដេច និងលោកជំទាវ បានសូមជូនពរដល់លោកពូ អ្នកមីង ជាអតីតយុទ្ឋជន និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមទទួលបាននូវសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានជម្រាបជូនក្រុមគ្រួសារអតីតយុទ្ធជន និងគ្រួសារ ដែលបានចូលរួមក្នុងឱកាសនេះ អំពីសភាពការណ៍នៃសង្គ្រាមឃ្លានពានដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានសៀមមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានវាយប្រហារដោយយន្តហោះ កាំភ្លើងធំ គ្រាប់បែកចង្កោម រួមទាំងបានប្រើប្រាស់ផ្សែងពុល ជាអាវុធខុសច្បាប់ ដែលអន្តរជាតិបានហាមឃាត់ មកលើកងទ័ព និងប្រជាជនកម្ពុជា ព្រមទាំងបានប្រើប្រាស់យន្តហោះ និងកាំភ្លើងធំ បាញ់ចូលប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ ។ តែវីរភាពដ៏អង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទនៃយើង បានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនឲ្យមានការរំលោភឈ្លានពានបានឡើង ។

ឯកឧត្តម ក៏បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដីរបស់យេីង ដោយត្រូវជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់ ព្រះរាជាណាចក្រកម្ពុជានៃយើង ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានប្រគល់ជូន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជន និងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយចំនួន១៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ គ្រឿងឧបភោគបរិភោគរួមជាមួយនិងថវិការផងដែរ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

