លោក ត្រាំ ជំរុញអង់គ្លេសប្រើយោធាបង្ក្រាបជនចំណាកស្រុក ដូចអាមេរិកដែរ

ឡុងដ៍ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១៨ ខែកញ្ញា បានលើកទឹកចិត្តដល់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រើយោធាទប់ទល់នឹងក្រុមជនចំណាកស្រុកខុសច្បាប់ ដូចសហរដ្ឋអាមេរិកដែរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។

ក្នុងពេលបំពេញទស្សនកិច្ចនៅអង់គ្លេស លោក Trump បានប្រាប់ លោក Keir Starmer ថា អាមេរិកកំពុងអនុវត្តគោលនយោបាយបែបនេះ ក្នុងការធានាព្រំដែន។ លោក ត្រាំ អះអាងថា ចក្រភពអង់គ្លេសបានប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ជាមួយនឹងជនចំណាកស្រុក ឆ្លងកាត់ច្រកអង់គ្លេស តាមទូកតូចៗ។

លោក Trump បាននិយាយថា បើមិនប្រើប្រាស់យោធាទេ មិនអាចដោះស្រាយបញ្ហា អន្តោប្រវេសន៍ខុសច្បាប់ បានទេ ហើយលោកបានចាត់ទុកក្រុមនេះថា កំពុងបំផ្លាញប្រទេសប្រទេសទាំងពីរ។

លោក ត្រាំ បានជំរុញឱ្យ លោក Keir Starmer ប្រកាន់ជំហររឹងមាំ ប្រឆាំងនឹងអន្តោប្រវេសន៍ ដោយនិយាយថា បញ្ហានេះធ្វើឱ្យលោក ឈឺចាប់ “យ៉ាងធ្ងន់ធ្ងរ” ។

ជាការឆ្លើយតប លោក Keir Starmer បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងខិតខំបង្កើតឲ្យមានកិច្ចព្រមព្រៀង បញ្ជូនជនចំណាកស្រុកជាច្រើន ជាមួយប្រទេសផ្សេងទៀត រួមទាំង ប្រទេសបារាំង ហើយបាននិងកំពុងចាត់វិធានការបង្ក្រាបក្រុមជនភៀសខ្លួន ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស។ លោកថា ក្នុងឆ្នាំ២០២៥ មនុស្សជាង ៣ម៉ឺន នាក់ ហើយ ដែលបានធ្វើដំណើរតាមទូកតូចៗ តាមច្រកផ្សេងៗ។

ជាការកតសម្គាល់ ចាប់តាំងពីការវិលត្រឡប់ ចូលទៅគ្រប់គ្រងសេតវិមាន ក្នុងខែមករា ឆ្នាំ២០២៥ វិញ លោក Trump បានបង្កើនការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ និងបង្ក្រាបការឆ្លងកាត់ព្រំដែនខុសច្បាប់៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner