សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួបជាមួយក្រុមគ្រួសារ របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហានថៃ ចាប់ខ្លួន
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវជំទាវបណ្ឌិត បានអញ្ជើញជួបជាមួយក្រុមគ្រួសារ របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហនថៃចាប់ខ្លួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥ ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព និងព្យាយាមឱ្យដោះលែងកងកម្លាំង របស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញ ឱ្យបានឆាប់រហ័ស ។

នេះជាជំនួបលើកដំបូងបំផុត នៃក្រុមគ្រួសារយុទ្ធជនជួរមុខកម្ពុជា ជាមួយសម្តេចប្រមុខរដ្ឋាភិបាល បន្ទាប់ពីយុទ្ធជនទាំង ១៨នាក់ ស្ថិតក្រោមការឃុំខ្លួនអស់រយៈពេល ជាង ៥០ថ្ងៃ ។ ជំនួបនេះធ្វើឡើងមុននឹងពិធីបុណ្យភ្ជុំបិណ្ឌមកដល់ ។

កងទ័ពជួរមុខកម្ពុជាចំនួន ២០នាក់ ត្រូវកងទ័ពថៃ បញ្ឆោតចាប់ខ្លួនជាឈ្លើយសឹក និងយកទៅដាក់ការឃុំឃាំងចាប់តាំងពីថ្ងៃទី ២៩ខែកក្កដា មកម្ល៉េះ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីបទឈប់បាញ់ ចូលជាធរមាន ។ កងទ័ពចំនួន ២នាក់ ត្រូវបានដោះលែងមកវិញ។

ប្រទេសថៃ មិនព្រមដោះលែងកងទ័ពខ្មែរ ១៨នាក់ ដែលនៅសេសសល់នោះទេ ទោះជាមានការទទូចពីរាជរដ្ឋាភិបាលកម្ពុជា និងមានការស្តីបន្ទោសពីសហគមន៍អន្តរជាតិមួយចំនួនក៏ដោយ ។

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កងទ័ពកម្ពុជាទាំង ១៨នាក់ មានសុវត្ថិភាព និងសុខភាពល្អធម្មតា ហើយពួកគេបានផ្ញើលិខិតតាមរយៈអង្គការអន្តរជាតិនេះ មកកាន់ក្រុមគ្រួសារពួកគេទៀតផង ៕









