អភិបាលខេត្តកំពង់ចាម៖​ ការខិតខំបំពេញភារកិច្ចរបស់​ថ្នាក់​ដឹកនាំ និងមន្ត្រីក្រោមឱវាទធ្វើឱ្យកំណើនសេដ្ឋកិច្ច​ខេត្តកើនឡើង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន​អះអាងថា ដោយសារការខិតខំប្រឹងប្រែង​បំពេញ​ការងាររបស់​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍទទួល​បានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅ។

ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន​នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ​ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សា​ខេត្តផងឯកឧត្តម​អភិបាល​ខេត្ត​កំពង់ចាមបានយក​ឱកាស​នេះសម្ដែងការអបអរសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដែលធ្វើឱ្យ​មានការអភិវឌ្ឍទទួលបាននូវសមិទ្ធផលជាច្រើននាឆ្នាំ២០២៤ កន្លងទៅ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្ត​ក្នុងឆ្នាំ ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ច​មានកំណើន​ខ្ពស់ដែលទំហំទឹកប្រាក់មានចំនួន ២.៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើ​វិស័យធំៗ​មានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម ។

ឯកឧត្តមអភិបាលខេត្តបន្តថា លទ្ធផលដែលទទួលបានល្អ គឺដោយសារក្នុងនោះ ការងាររក្សាសន្តិសុខ បង្កបរិយាកាស​ដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាពធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់​តាមរយៈ​អង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់​ឯកសារនានា ឬការស្នើសុំនូវអាជ្ញាបណ្ណធ្វើអាជីវកម្មផ្សេងៗ ។

ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាង​សាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ ដែលទាំងអស់នោះគឺមាន​ការប្រទាក់ក្រឡាគ្នា ដែលបានផ្តល់ផលប្រយោជន៍​ទូទៅដល់​ប្រជាពលរដ្ឋយើងុំ ។ ដូច្នេះកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់​បានល្អ ក៏ដូចជាការបម្រើសេវា​សាធារណៈ​បានល្អ ធ្វើឱ្យមាន​អ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារ​ដល់ប្រជាពលរដ្ឋ​ក៏មានកាន់​តែច្រើនផងដែរ ៕
ដោយ៖លី ពៅ

ads banner