តំណាងអង្គការយូណេស្កូ​ ចប់អាណត្តិ​ប្រចាំកម្ពុជា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា

(ភ្នំពេញ)៖ បន្ទាប់ពីចប់អាណត្តិការងារ​ និងបានចូលជួបជម្រាបលា ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យថា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា ។

ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការយូណេស្កូ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូពិតជាមានមោទនភាពនៅក្នុងការបំពេញការងារក្នុងភាពជាដៃគូជាមួយនឹងកម្ពុជា។

ជាមួយគ្នានេះដែរ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដោយគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអង្គការយូណេស្កូ និងកម្ពុជា គឺជាទំនាក់ទំងភាពជាដៃគូដ៏ពិសេសមួយ។

លោកប្រធាន​បាន​ជម្រាប​សម្តេច​បវរ​ធិបតី​ថា​ រូបលោកនឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងវប្បធម៌ ទៅកាន់បណ្ដាប្រទេសនានា។

បន្ថែមពីលើនេះ, លោកប្រធានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីម្រោងនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដែលកំពុងអនុវត្ត​ ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វប្បធម៌ បរិស្ថាន និងធនធានទឹក​ និងបានសង្កត់ធ្ងន់អំពីការត្រៀមខ្លួនរួចជាស្រេច របស់អង្គការយូណេស្កូ ក្នុងបន្តការគាំទ្រផ្នែកជំនួយបច្ចេកទេស ដល់កម្ពុជា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូររបស់អង្គការយូណេស្កូ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើន លើវិស័យអប់រំ វប្បធម៌ និងបរិស្ថាន នៅកម្ពុជា។

ជាងនេះទៅទៀត, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់​ និងពេញចិត្តចំពោះអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការគាំទ្ររបស់អង្គការយូណេស្កូ កន្លងមក ដែលបាន​ចូលរួមដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​ នៅកម្ពុជា​ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ភាពជាដៃគូនេះ។

សម្ដេចបវរធិបតី ក៏បានសម្ដែងការអបអរសាទរ និងជូនពរ លោក Sardar Umar Alam ឱ្យទទួលបានជោគជ័យ នៅក្នុងបេសកកម្មការងារថ្មី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner