មន្រ្តីជំនាញ៖ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,ការវាស់វែងនិងចុះបញ្ជីដីធ្លីក្នុងខេត្តកំពតដំណើរការដោយរលូន
កំពត៖មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតក្រោយពីមានការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដំណើរការនៃការចុះវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋដំណើរការដោយរលូន ដោយសារពលរដ្ឋមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបណ្ណ ខណៈវិវាទមានតិចបំផុត។

នេះជាការបញ្ជាក់របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតក្នុងពិធីប្រកាសចែក វិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុចំនួន៦ភូមិនិង បិទផ្សាយជាសាធារណ: នៃការវិនិច្ឆ័យចំនួន៣ភូមិក្នុងស្រុកបន្ទាយមាសខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

លោកប្រធានមន្ទីរបានបន្តថា ដោយអនុវត្តតាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដីដែលស្មើនឹងជាង ៩៩ភាគរយលើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្ត ,បានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា កត្តាដែលជំរុញឱ្យការចុះវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័សដូចនេះ ដោយសារមានការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមបណ្តាក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់របស់ឯកឧត្តមអភិបាលខេត្ត ដែលគិតមកដល់ពេលនេះបានចំនួន ៣.០៥០ករណី ហើយភាគច្រើនជាវិវាទដីធ្លីការដោះស្រាយនេះបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់អំពីផលលំបាកពាក់ព័ន្ធនឹងវិវាទ ព្រមទាំងបានដឹងអំពីសារៈសំខាន់របស់បណ្ណកម្មសិទ្ធិ។

ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា បណ្ណកម្មសិទ្ធិដីធ្លីដែលចេញជូនបងប្អូននាពេលនេះ គឺជាកេរ្តិ៍មរតកដ៏សំខាន់មួយរបស់ប្រមុខថ្នាក់ដឹកនាំគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្តេចទាំងទ្វេបានដាក់ចេញនូវគោលនយោបាយដីធ្លីសម្រាប់ពលរដ្ឋ ការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត ពិសេសមន្ទីរជំនាញធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត ដើម្បីទាញយកប្រយោជន៍អំពីដីធ្លី៕
ដោយ៖ សិលា សារិន

