ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកម្មវិធី កាន់បិណ្ឌវេនទី១២ នៅវត្តលង្កាព្រះកុសុមារាម

(ភ្នំពេញ)៖ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី១២ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដោយមានលោកជំទាវប្រធាន អនុប្រធាន ក្រុមការងារយេនឌ័រក្រសួង និងលោកជំទាវ ឯកឧត្តម លោក លោកស្រី ជាប្រធានក្រុមការងារយេនឌ័រតាមបណ្ដាអង្គភាពចំណុះក្រសួង ព្រមទាំងលោកជំទាវ ជាភរិយាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ។

ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លៃក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌវេនទី១២ ទៅតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរនាឱកាសនេះ សម្ដេចលោកជំទាវ កែ សួនសុភី ស សុខា និងលោកជំទាវប្រធាន អនុប្រធានក្រុមការងារយេនឌ័រក្រសួង ប្រធានក្រុមការងារយេនឌ័រតាមបណ្ដាអង្គភាពចំណុះក្រសួង ព្រមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មួយអន្លើថ្វាយដល់វត្ថុស័ក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តលង្កាព្រះកុសុមារាម និងជូនចំពោះលោកអ្នកមានគុណ មានមាតា និងបិតា ពិសេសសម្ដេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ។

បន្ទាប់មក លោកជំទាវ និងក្រុមការងាយេនដ័រ ព្រមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានប្រារព្ធកិច្ចរាប់បាត្រ វេប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយ និងប្រគេនសម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាកុសុមារាម និងព្រះសង្ឃ ដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយ បង្សុកូលពហូដារឆ្លង និងផ្សាយផលាអានិសង្ឃនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណព្រមទាំងបុព្វបុរសជាតិ វីរជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ជាកិច្ចបង្ហើយបុណ្យ ។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែងគោរព ប្រណិប័តន៍ ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជន ដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner