អធិការនគរបាលខណ្ឌឫស្សីកែវ ណែនាំកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមវត្តអារាម និងកន្លែងសប្បាយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានអញ្ជើញបើក និងដឹកនាំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយណែនាំនូវផែនការសំខាន់ៗមួយចំនួន របស់អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអធិការរងតាមផែនជំនាញ នាយផ្នែកតាមផែនជំនាញ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ព្រមទាំងបានរៀបចំឡើងនៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានផ្ដោតសំខាន់ លើការពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមវត្តអារាម កន្លែងសប្បាយភាព និងបង្កើនការល្បាតបង្ការទប់ស្កាត់បទល្មើស ដើម្បីធានាដល់សុវត្ថិភាព ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕
ដោយ ៖ វណ្ណលុក




