ស្តង់ជាង ២០០ នឹងបង្ហាញផលិតផលខ្មែរក្នុងការតាំងពិព័រណ៍ ក្រោយបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងពិព័រណ៍នាពេលខាងមុខនេះ មានការចូលរួមពីស្តង់អាជីវករចំនួន ២២៩ ស្តង់ និងមានស្តង់ដៃគូសហការចំនួន ៥៤ស្តង់ផងដែរ។

ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិរៀបចំការតាំងពិព័រណ៍ នាឱកាសជួបជាមួយម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដែលនឹងចូលរួមពិព័រណ៍ខាងមុខ បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍នេះគឺមិនជាការរៀបចំប្រៀបធាបទៅនឹងប្រទេសផ្សេង ឬបង្ហាញការរើសអើងណាមួយនោះទេ។ ការរៀបចំគឺដើម្បីខ្លួនឯង គាំទ្រអ្វីដែលជារបស់ខ្លួន និងដើម្បីអនាគតដែលយើងត្រូវតែមានភាពខ្លាំង។

ឯកឧត្តម បន្ថែមថា ពិព័រណ៍នេះ និងផ្តល់ជាវេទិការ ផ្តល់ជាឱកាសទៅដល់អាជីវករនានា ដើម្បីបង្ហាញពីសមត្ថភាពផលិតរបស់ខ្លួ ដើម្បីបង្ហាញពីសក្ដានុពលរបស់ខ្មែរ នូវផលិតផល ទាំងគុណភាព និងភាពសំបូរបែបរបស់ខ្មែរ ហើយដើម្បីជាការៀផ្តល់ព័ត៌មានទៅដល់អ្នកទិញឱ្យឃើញ ហើយគាំទ្រ ។ឯកឧត្តម គូសបញ្ជាក់ថា ពិព័រណ៍នេះ គឺជាការពង្រឹងខ្លួនឯង ក្នុងស្មារតីខ្មែរជួយខ្មែរ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ។

ម្ចាស់អាជីវកម្ម អ្នកផលិត ផលិតបានបង្ហាញភាពសប្បាយចិត្ត ដែលមានការរៀបចំការតាំងពិព័រណ៍ផលិតខ្មែរនេះឡើង។ ពួកគាត់ម្នាក់ៗនឹងយកផលិតផលដែលផលិតដោយកូនខ្មែរ មកដាក់បង្ហាញ ហើងក៏ស្នើសុំដល់សាធារណជន ចូលរួមគាំទ្រឱ្យបានច្រើន។ គាំទ្រអ្វីដែលជារបស់ខ្មែរ បង្ហាញពីស្មារតីខ្មែរស្រឡាញ់ខ្មែរ ដើម្បីអនាគតកម្ពុជាកាន់តែរឹងមាំ។

គួរបញ្ជាក់ថា សម្រាប់ពិព័រណ៍ ផលិតផលខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ក៏នឹងមានការចូលរួមពីតារាចម្រៀង ដែលនឹងច្រៀងបទចម្រៀងពាក់ព័ន្ធនឹងជាតិ។ លើសពីនេះក៏មានកម្មវិធីអម ដែលមានទូតាំងម្ហូបអាហារ ភេសជ្ជៈ សួនកុមារ ការសម្ដែងសិល្បៈចម្រុះ សៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធកម្ពុជា និងកាកបាទក្រហមកម្ពុជា ការចាប់រង្វាន់ ការបង្ហាញបសុសត្វ និងការជិះរទេះគោ រទេះសេះកម្សាន្តផងដែរ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

