តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយ នាយទាហាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តច័ន្ទបុរីវង្ស
(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ រួមជាមួយនឹងនាយទាហាន ក្រុមគ្រួសារ និងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីបុណ្យកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ, ថ្ងៃបុណ្យភ្ជំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ដោយបើកទូលាយ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣នេះ ឧត្តមសេនីយ៍ឯក លី កុសល និងលោកជំទាវ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រគេនជូនព្រះសង្ឃ វត្តច័ន្ទបុរីវង្ស បច្ច័យសរុបជិត ៦០លានរៀល ក្នុងនោះបច្ច័យផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវ មានចំនួន ២០លានរៀល រួមទាំងគ្រឿងឧបភោគបរិភោគជាច្រើនមុខ មានអង្ករ ៣០០គ.ក, មី ១០កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ២០កេស និងត្រីខកំប៉ុង ១០០គ.ក ដើម្បីឧទិ្ទសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខន្ត លោកអ្នកមានគុណ ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅ ពិសេសជូនដល់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ ៖ វណ្ណលុក


